ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok

ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​កម្ពុជា នឹងសហការ​ជាមួយ​ក្រុមហ៊ុន TikTok រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​លើប្រព័ន្ធ​អនឡាញ និងគោលការណ៍​ណែនាំ​របស់​ក្រុមហ៊ុន TikTok នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍បានបញ្ជាក់ថា សិក្ខា​សាលា​ផ្សព្វផ្សាយនេះធ្វើឡើង​ក្នុងគោល​បំណង​ចែករំលែក​ព័ត៌មាន ឱកាស​រកប្រាក់ចំណូល (TikTok Monetization) សម្រាប់​អ្នកផលិត​មាតិកា ឧត្តមានុវត្តន៍​នៃការ​ការពារ​សុវត្ថិភាព​លើប្រព័ន្ធ​អនឡាញ គោលការណ៍​ណែនាំ​សហគមន៍ និង ការប្រើប្រាស់​បណ្តាញ​សង្គម TikTok ប្រកបដោយ​ប្រសិទ្ធភាព​ដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និង អ្នកផលិតមាតិកា។

សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​លើប្រព័ន្ធ​អនឡាញ និងគោលការណ៍​ណែនាំ​របស់​ក្រុមហ៊ុន TikTok នេះ នឹងធ្វើឡើង​ក្រោមអធិបតីភាព​របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ដោយមាន​ការចូលរួម​ពីតំណាង​ក្រសួង ស្ថាប័ន និង ក្លិបអ្នកកាសែត​កម្ពុជា​ជាដើម។

ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​ក៏បានបើក​ឱកាស​ជូនទៅ​អ្នកផលិត​មាតិកា វិស័យឯកជន និង សាធារណជន ចុះឈ្មោះ​ចូលរួម​តាមរយៈ​តំណភ្ជាប់ https://go.gov.kh/mptc/tiktok20250319 ដោយត្រូវ​ចុះឈ្មោះ​ឱ្យបាន​មុនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយអ្នក​ចូលរួម​មានចំនួន​កំណត់។

នៅប្រទេស​កម្ពុជា​មានអ្នកប្រកបរបររកប្រាក់​ឬសម្រាប់​កម្សាន្ត តាមរយៈ​ការផលិត​​មាតិកា​​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គម ក្នុងនោះ​ Tik Tok ត្រូវបាន​ចាត់ទុក​ជា​បណ្តាញ​សង្គម​ដ៏មានប្រជាប្រិយភាព​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នកប្រើប្រាស់​ Tik Tok ជាច្រើន​នៅពុំទាន់​យល់អំពី​សុវត្ថិភាព​នៃការ​ប្រើប្រាស់ Tik Tok នៅឡើយ។ ដូច្នេះ តាមរយៈ​សិក្ខា​សាលា​ផ្សព្វផ្សាយ​នេះ អ្នកផលិត​មាតិការ​និងសាធារណៈជន​ទូទៅ នឹងអាច​ស្វែងយល់​កាន់តែស៊ីជម្រៅ​និងគ្រប់ជ្រុងជ្រោយ​អំពីការ​ប្រើប្រាស់​បណ្តាញសង្គម Tik Tok ឱ្យកាន់តែ​មានប្រសិទ្ធភាព​ប្រកបដោយ​សុវត្ថិភាព៕

你可能还喜欢