ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប- អង្គរបានបើកសម្ពោធជាផ្លូវការ

ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​អន្តរជាតិ​សៀមរាប-អង្គរ បានបើក​សម្ពោធ​ជាផ្លូវការ​ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារ​ព្រះរាជ​ដំណាក់ ខេត្តសៀមរាប ក្រោមអធិបតីភាព​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា។

ការសម្តែង​សិល្បៈ​អន្តរជាតិ​សៀមរាប-អង្គរ បានប្រមូលផ្តុំ​នូវទស្សនីយភាព​ជាច្រើន​ប្រភេទ​និងប្លែកៗ រួមមាន​របាំ​កូរសមុទ្រទឹកដោះ នឹកស្រុក របាំ​ក្រមាខ្មែរ របាំ​មរតកដូនតា ការប្រគំ​ឧបករណ៍​តន្រ្តី​និងចម្រៀង ដែលបង្កប់​អត្ថន័យ រូបភាព និង បរិយាកាស​ដ៏ស្រស់ស្អាត​ដល់ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិ។ កម្មវិធី​សម្តែង​និងប្រគំតន្រ្តីនេះ ក៏មាន​ការចូលរួម​ដោយសិល្បករ សិល្បការិនី​មកពី​សហភាពអឺរ៉ុប​ផងដែរ ដែលបង្ហាញ​ឱ្យឃើញ​ពីទំនាក់​ទំនង​រវាងគ្នា​យ៉ាងជិតស្និទ្ធ​និងគ្រប់វិស័យ រួមទាំង​សិល្បៈវប្បធម៌​ផងដែរ។

លោក ង៉ូវ សេងកាក់ អភិបាលរង​ខេត្តសៀមរាប​បានលើកឡើងថា ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​អន្តរជាតិនេះ ធ្វើឡើង​ក្នុងគោលបំណង​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ឱ្យកាន់តែ​ទូលំ​​ទូលាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងន័យ​ចូលរួម​ចំណែក​លើកកម្ពស់​ប្រពៃណី វប្បធម៌ និង អរិយ​ធម៌ខ្មែរ ក៏ដូចជា​ផ្សព្វផ្សាយ​ពីសក្តានុពល​ធនធាន​វប្បធម៌ ប្រវត្តិសាស្រ្ត និង ធនធាន​​ធម្មជាតិ​​ទៅកាន់​ពិភពលោក ដើម្បី​ជំរុញ​ឱ្យមាន​ការរីកចម្រើន​លើវិស័យ​​ទេសចរណ៍​ក្នុងខេត្ត​សៀមរាប ក៏ដូចជា​វិស័យ​ទេសចរណ៍​ទូទាំង​ប្រទេស​កម្ពុជា។

លោក ហួត ហាក់ បានលើកឡើងថា ប្រមុខ​ដឹកនាំ​​រាជរដ្ឋាភិ​បាល​​កម្ពុជា ​បានដាក់ចេញ​នូវយុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាល​ទី១ ដោយបន្ត​ចាត់ទុក​​ទេស​ចរណ៍​ជាវិស័យ​អាទិភាព និងជា​មាសបៃតង រួមចំ​ណែក​​ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​ឱកាស​ការងារ​និងបង្កើន​ប្រាក់ចំណូល​​ជូនប្រជាជន និងទ្រទ្រង់​​​កំណើន​សេដ្ឋកិច្ច​ឱ្យមាន​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

លោកបាន​បន្ថែមថា ព្រឹត្តិការណ៍​នេះនឹងចូលរួម​លើកកម្ពស់​​វិស័យ​សិល្បៈ​កម្ពុជា ផ្លាស់ប្តូរ​វប្បធម៌  អរិយធម៌ ពង្រឹង​ទំនាក់​ទំនង​ចំណង​មិត្តភាព​រវាង​កម្ពុជា​និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការ​ល្អនៃវិស័យ​ទេសចរណ៍​រវាង​ផ្នែករដ្ឋ​និងឯកជន និងផ្សព្វផ្សាយ​ពីសក្តានុពល​ទេសចរណ៍​ដ៏សម្បូរបែប​របស់​កម្ពុជា​ឱ្យកាន់តែ​ទូលំទូលា​យ​ទៅកាន់​ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ ជាពិសេស​មកទស្សនា​គោល​ដៅ​ទេសចរណ៍​ក្នុងខេត្តសៀមរាប និងជំរុញ​ចលនា​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និងប្រជាជន ការផ្សារភ្ជាប់​សិល្បៈ វប្បធម៌ ប្រពៃណី។

លោក ហួត ហាក់ បានគូសបញ្ជាក់ទៀតថា ក្នុងបញ្ចកោណ​ទី២.មុំទី១.ចំណុចទី៥ បញ្ជាក់ថា រាជរដ្ឋាភិបាល​​នឹងបន្ត​លើកកម្ពស់​វិស័យ​ទេសចរណ៍ ជាពិសេស​ការបន្ត​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​វប្បធម៌​និងធម្មជាតិ ដោយបន្ថែម​ទេសចរណ៍​បៃតង ស្អាត និង វៃឆ្លាត ការជំរុញ​ការបង្កើត​ប្រភេទ​​ទេសចរណ៍​ថ្មីៗ ដែលមាន​តម្លៃបន្ថែម​ខ្ពស់ និងទេសចរណ៍​ធុរកិច្ច តាមរយៈ​ការលើក​កម្ពស់​​ការអនុវត្ត ក៏ដូចជា​ការរៀបចំ​និងការដាក់ចេញ​នូវគោលនយោបាយ​និងផែនការ​មេអភិវឌ្ឍន៍​​វិស័យ​ទេសចរណ៍​នានា៕

你可能还喜欢