ផ្លូវថ្មើរជើងរាជធានីភ្នំពេញជាជម្រើសល្អ សម្រាប់ការដើរកម្សាន្តនាចុងសប្តាហ៍
ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងនិងតំបន់ជុំវិញរាជធានីភ្នំពេញ។
ចាប់តាំងពីត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការសាកល្បងមក ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ផ្លូវថ្មើរជើងភ្នំពេញតែងតែមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និង កន្លែងកម្សាន្តសប្បាយផ្សេងៗខុសៗពីគ្នាជារៀងរាល់សប្ដាហ៍ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសបានទស្សនា និងយល់ដឹងកាន់តែច្បាស់ពីរបាំប្រពៃណីរបស់ដូនតាខ្មែរយើង។
ផ្លូវថ្មើរជើងភ្នំពេញត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងរយៈពេល ២ ថ្ងៃ ក្នុង ១ សប្ដាហ៍ គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ១១ យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។ ចាប់តាំងពីថ្ងៃដាក់ឱ្យដំណើរការសាកល្បងលើកដំបូងរហូតមកដល់ពេលនេះ គឺរក្សាបាននូវសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋមិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត។
បន្ទាប់ពីរាជធានីភ្នំពេញបើកឱ្យដំណើរការសាកល្បងនូវផ្លូវថ្មើរជើងនេះ បណ្តាខេត្ត-ក្រុងផ្សេងៗទៀតក៏បាននិងកំពុងតែរៀបចំឱ្យមានផ្លូវថ្មើរជើងក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ និងទាក់ទាញភ្ញៀវទេសចរបរទេសមកដើរកម្សាន្ត ដែលការណ៍នេះទទួលបានការលើកទឹកចិត្តនិងគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធផងដែរ៕