កម្ពុជានឹងបង្កើតសួនឧស្សាហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៥នេះ
កម្ពុជាគ្រោងបង្កើតសួនឧស្សាហកម្មស្វាយចន្ទីមួយកន្លែងនៅក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៥នេះ ដើម្បីប្រមូលផ្ដុំការវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីគ្រប់ប្រភេទ ដោយរាជរដ្ឋាភិបាលនឹងជួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីពេលថ្មីៗនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាលបានលើកទឹកចិត្តសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ប៉ុន្តែបច្ចុប្បន្នកម្ពុជាមានរោងចក្រអាចកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញដោយខ្លួនឯងបានហើយ ដែលវានឹងជួយបង្កើនតម្លៃបន្ថែម ហើយរាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តដល់ការវិនិយោគលើកការកែច្នៃគ្រាប់ស្វាយចន្ទីនេះ ដែលនេះគឺជាគោលនយោបាយនៃការទាក់ទាញវិនិយោគរបស់កម្ពុជា។
ការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី គឺជាការចងក្រងរោងចក្រកែច្នៃគ្រប់ប្រភេទដែលរាប់ទាំងការគាប់ប្រេង ផលិតជី និង ផលិតផលនានាចេញពីគ្រាប់ស្វាយចន្ទី ឱ្យនៅជាបណ្ដុំដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូននិងថ្លៃដើមផលិតផ្សេងៗ។ វាក៏អាចទទួលបានការលើកទឹកចិត្តបន្ថែមផ្នែកពន្ធដារនិងពន្ធគយពីរាជរដ្ឋាភិបាលផងដែរ ហើយការគាំទ្របន្ថែមពីរាជរដ្ឋាភិបាល នឹងជួយវិស័យកែច្នៃស្វាយចន្ទីកម្ពុជាឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីបានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា គិតត្រឹមដើមឆ្នាំ២០២៥ កម្ពុជាមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥២ កន្លែង ក្នុងនោះធុនមធ្យមចំនួន ៨ កន្លែង ដែលមានសមត្ថភាពផលិតបាន ៥ ម៉ឺនតោន។ កម្ពុជាត្រូវការរោងចក្រកែច្នៃខ្នាតមធ្យមយ៉ាងតិច ៣៥ កន្លែង ដើម្បីពង្រីកលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅបាន ១៧ ម៉ឺនតោនក្នុងមួយឆ្នាំ។
យោងតាមឯកសារស្ដីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាឆ្នាំ២០២៤ បានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។ យោងតាមតួលេខនេះ កម្ពុជាឈរក្នុងចំណោមប្រទេសចំនួន ៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមចំនួន ៧៩៣ ៤៥៣ តោន ដែលគិតជាទឹកប្រាក់សរុបចំនួន ១១ ៥០ លានដុល្លារអាម៉េរិក៕