ផ្លូវថ្មីតភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង សម្រេចការសាងសង់បានជាង ៩៧% ហើយ
ផ្លូវជាតិលេខ ១០ ដែលជាផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និង ខេត្តកោះកុង សម្រេចការសាងសង់បាន ៩៧,៣២% ហើយគិតត្រឹមដើមខែមីនា ឆ្នាំ២០២៥ នេះ។
ផ្លូវជាតិលេខ ១០ នេះមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកវាលវែង ខេត្តពោធិ៍សាត់-ស្រុកសំឡូត ខេត្តបាត់ដំបង-ខេត្តកោះកុង។ រហូតមកដល់បច្ចុប្បន្ននេះ សមិទ្ធផលដែលសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេ ការងារលូកាត់ទទឹងថ្នល់និងលូបណ្តោយថ្នល់ ជញ្ជាំងការពារជើងទេរ ការងារគូសគំនូសចរាចរណ៍ ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ផ្លាកសញ្ញាកំណត់ល្បឿន បង្គោលគីឡូម៉ែត្រ បង្គោលព្រំដីចំណីផ្លូវ និង ការងារមួយចំនួនទៀត។
ផ្លូវជាតិលេខ ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) សាងសង់ផ្លូវរយៈពេល ៦៦ ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ ផ្លូវនេះនឹងជំរុញសេដ្ឋកិច្ច ទេសចរណ៍ និង ការដឹកជញ្ជូនសម្រាប់ខេត្តកោះកុង ពោធិ៍សាត់ និង ខេត្តបាត់ដំបង៕