កម្ពុជាគ្រោងទាក់ទាញទេសចរខេត្តហឺណានឱ្យបាន ១ លាននាក់ក្នុងឆ្នាំ២០២៥

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចុះ​បំពេញ​ទស្សនកិច្ច​ការងារ​នៅក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​ខេត្ត​ហឺណាន (Henan) និង​ទីស្នាក់ការ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិកម្ពុជា (Air Cambodia) ប្រចាំ​ក្រុង​ចឹងចូវ (Zhengzhou)។

លោក ស៊ុន ចាន់ថុល បាន​ជំរុញឱ្យ​​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិកម្ពុជា ​ពង្រីក​ការតភ្ជាប់​រវាង​ប្រជាជន​និងប្រជាជន និង​ដើម្បី​សម្រេចគោលដៅ​ការទាក់ទាញ​ភ្ញៀវទេសចរ​ពីខេត្តហឺណាន មកទស្សនា​កម្ពុជា​ឱ្យបាន ១ លាន​នាក់ក្នុងឆ្នាំ២០២៥។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ លោក អ៊ី យឺអ៊ូ (Yi Riwu) អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​ខេត្តហឺណាន លោក​ ស៊ុន ចាន់ថុល បានលើក​ទឹកចិត្ត​ឱ្យ​មានការ​​ពិនិត្យ​លទ្ធភាព​ពង្រីក​គោលដៅ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា ដើម្បី​លើកកម្ពស់​ការតភ្ជាប់​រវាង​ប្រជាជន​និងប្រជាជន ជាពិសេស​ការតភ្ជាប់​រវាង​ធុរជន​និងធុរជន និងដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​​ក្នុង​ការ​​ទាក់ទាញ​ភ្ញៀវទេសចរ​ពីខេត្តហឺណាន​​មកទស្សនា​កម្ពុជា​ឱ្យបាន ១ លាន​នាក់ក្នុងឆ្នាំ២០២៥។

លោក Yi Riwu លើកឡើង​អំពី​ការ​បោះ​ជំហាន​​វិនិយោគ​របស់​​ក្រុមហ៊ុន​​នៅកម្ពុជា តាមរយៈ​ការបណ្តាក់​ទុន​វិនិយោគ​ក្រោមរូបភាព​ជាភាគហ៊ុនិក​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា។ ខណៈ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​ខេត្តហឺណាន គឺជា​សហគ្រាស​រដ្ឋដែលមាន​ឯកទេស​លើមុខសញ្ញា​វិនិយោគ​ពាក់ព័ន្ធ​នឹងការ​អភិវឌ្ឍ​នគរូបនីយកម្ម ការវិនិយោគ​លើនគរូបនីយកម្ម បច្ចេកវិទ្យា ប្រតិបត្តិការ សួន​បច្ចេកវិទ្យា និង ឧស្សាហកម្ម​ផ្នែកបច្ចេកវិទ្យា។

ក្នុង​ឱកាស​​នោះ​ដែរ លោកស៊ុន ចាន់ថុល ក៏​បាន​អញ្ជើញ​លោក Yi Riwu និងសហការី​ពិនិត្យ​លទ្ធភាព​និងឱកាស​ក្នុងការ​បំពេញ​ទស្សនកិច្ច​ការងារ​នៅប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​និងពង្រីក​មុខសញ្ញា​វិនិយោគ​របស់ខ្លួន​បន្ថែមទៀត តាមរយៈ​ការឆក់យក​ឱកាស​វិនិយោគ​លើវិស័យ​ដែលមាន​សក្តានុពល និងស្របតាម​ឯកទេស​របស់​ក្រុមហ៊ុន៕

你可能还喜欢