រដ្ឋមន្ត្រីមហាផ្ទៃ ស សុខា៖ មន្ត្រីល្មើសវិន័យនឹងត្រូវបញ្ជូនទៅធ្វើការនៅព្រំដែនចាប់ពី ៣ ទៅ ៦ ខែ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានធ្វើការ​ណែនាំ​ឱ្យបញ្ជូន​មន្ត្រី​នគរបាល​ដែលប្រព្រឹត្ត​ល្មើសវិន័យ ទៅធ្វើការ​នៅព្រំដែន​ចាប់ពី ៣ ខែទៅ ៦ ខែ ដើម្បី​កែខ្លួន។ នេះបើយោង​តាមលោក រ៉េន រតនៈ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ដែលបានសរសេរ​លើទំព័រ​ហ្វេសប៊ុក​នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

លោក រ៉េន រតនៈ បានឱ្យដឹងថា ការណែនាំ​នេះគឺបន្ទាប់​ពីឃើញ​មន្ត្រី​នគរបាល​មួយចំនួន​បង្ក​រឿងល្មើសវិន័យ ហើយការ​បញ្ជូន​ទៅព្រំដែន​នេះអាចត្រូវ​បន្ថែម​លើការ​បន្ថយ​ស័ក្កិ​របស់​មន្ត្រី​ល្មើសទាំងនោះ​ផងដែរ។

លោកបាន​ដកស្រង់​សម្តី​របស់​លោក ស សុខា ថា៖ “អង្គភាព​ជំនាញ​នឹងសម្រេច​បញ្ជូន​ជំនួស​ឱ្យការ​បន្ថយស័ក្ដិ ករណីខ្លះ​បន្ថយ​ទាំងស័ក្ដិ​និងថែមទាំង​បញ្ជូនទៅ​ព្រំដែន។ បានធ្វើការ​ស្រួលនៅតាម​អង្គភាព មិនខិតខំ​ធ្វើឱ្យល្អទេ បែរជា​ទៅបង្ក​រឿងល្មើស​វិន័យ។ ដូច្នេះ​មានតែ​ឱ្យទៅ​ព្រំដែន ដើម្បី​ដឹងថា​កងកម្លាំង​នៅទីនោះ​គាត់លំបាក​កម្រិតណា មកវិញ​កែប្រែខ្លួន ហើយខិតខំ​ធ្វើការ​ឱ្យបានល្អ”។

ក្នុងរាជរដ្ឋាភិបាល​អាណ្តិតទី  ៧ នេះ រាជរដ្ឋាភិបាល​បានចាត់​វិធានាការ​ជាបន្តបន្ទាប់​លើមន្ត្រី​ដែលល្មើស​វិន័យ ក្នុងនោះ​មានការ​ដកបញ្ឈរជើង ដកចេញ​ពីតំណែង និង បន្ថយ​ស័ក្កិ​ជាដើម។ ជាក់ស្តែង​កាលពី​ដើមខែ​មីនា ឆ្នាំ២០២៥ នេះ ក្រសួង​មហាផ្ទៃ​បានសម្រេច​ដកដំណែង​អធិការ​ស្រុកស្វាយទាប ខេត្តស្វាយរៀង លោក សោម សារ៉ន ​ចេញពី​តួនាទី ព្រមទាំង​បន្ថយ​ឋានន្តរស័ក្កិ​ចំនួន ២ ថ្នាក់ ពាក់ព័ន្ធ​នឹងការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ខណៈ​មន្ត្រី​ពាក់ព័ន្ធ ៣ នាក់​ផ្សេងទៀត​ត្រូវបាន​ដាក់ទណ្ឌកម្ម​វិន័យ​កម្រិត១ និងព្រមាន​តាមរូបភាព​ជាលាយលក្ខណ៍​អក្សរ​ជាលើកទី១៕

你可能还喜欢