កម្ពុជាប្រកាសបើកចំហ ឱ្យនាវាប្រទេសជាមិត្តចូលចតនៅកំពង់ផែរាម ក្រោយពេលសាងសង់រួច

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃកងយោធពល​ខេមរភូមិន្ទ​បានថ្លែងថា កម្ពុជា​ប្រកាស​អនុញ្ញាត​ឱ្យនាវា​នៃបណ្ដា​ប្រទេស​ជាមិត្ត​ផ្សេងៗ​​ដែលមកទស្សនកិច្ច​នៅកម្ពុជា អាចចូល​សំចត​នៅកំពង់ផែ​រាមបាន បន្ទាប់ពី​កំពង់ផែ​នេះបាន​សាងសង់រួច និងសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជំហាន​ទី ១ នៅដើមខែ​មេសា។

លោក វង្ស ពិសេន បានលើកឡើង​ក្នុងឱកាស​នៃជំនួប​សម្ដែង​ការគួរសម​ជាមួយ​លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី​ នាយការិយាល័យ​សេនានុព័ន្ធ​ជប៉ុន​ថ្មីប្រចាំ​កម្ពុជា នាព្រឹក​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋានកងយោធពល​ខេមរភូមិន្ទ។

លោកបាន​គូសបញ្ជាក់​ពីជំហរ​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាអំពី​កំពង់ផែរាម ដោយកម្ពុជា​នឹងបើកចំហ​ឱ្យនាវា​ប្រទេស​ផ្សេងៗ​ដែលមក​ទស្សនកិច្ច ឬមកចូលរួម​ធ្វើសមយុទ្ធ​នៅកម្ពុជា អាចចូលចត​នៅកំពង់ផែរាម ខណៈ​នាវា​ជប៉ុន​ត្រូវបាន​ផ្ដល់អាទិភាព​មុនគេ​និងជា​ប្រវត្តិសាស្ត្រ នេះគឺ​អាស្រ័យ​ដោយរាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា-ជប៉ុន មានគោលជំហរ​ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ​ទំនាក់​ទំនង​និងការ​ជឿទុកចិត្តគ្នា​ទៅវិញ​ទៅមក ក្នុងភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។ បន្ទាប់មក កម្ពុជា​នឹងស្វាគមន៍​និងអនុញ្ញាត​ឱ្យនាវា​នៃប្រទេស​ដទៃ​ចូលចត​នៅកំពង់ផែរាម​ផងដែរ។

លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី បានគូសបញ្ជាក់​ពីកិច្ចសហប្រតិបត្តិការ​ល្អរវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំងពីរ ជប៉ុន-កម្ពុជា និងបាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​យល់ព្រម​ឱ្យនាវា​ជប៉ុន​ចូលចត​នៅកំពង់ផែ​រាមមុនគេ។ លោកបាន​ចាត់ទុកថា នេះបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីតម្លាភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​អន្តរជាតិ។

គួររម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់ពីជំហរ​បើកឱ្យនាវា​ជប៉ុន​ចូលចត​កំពង់ផែរាម​មុនគេ តាមរយៈ​ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ជាមួយ​លោក អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សា​សន្តិសុខជាតិ និងជា​អគ្គលេខាធិការ​សន្តិសុខ​ជាតិជប៉ុន កាលពី​ខែធ្នូ ឆ្នាំ២០២៤៕

你可能还喜欢