ចិននិង UNICEF ដាក់ឱ្យដំណើរការគម្រោងសេវាទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុនៅកម្ពុជា

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រសួង​ធនធានទឹកចិន អង្គការ UNICEF និងក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​កម្ពុជា  បានប្រកាស​ដាក់ឱ្យ​អនុវត្ត​គម្រោង​ទឹកស្អាត​​ និងអនាម័យ ដែលមាន​ភាពធន់​នឹងអាកាសធាតុ ដើម្បី​ធានា​ដល់សហគមន៍​ដែលងាយ​រងគ្រោះ​បំផុត មានលទ្ធភាព​ទទួលបាន​សេវា​ទឹកស្អាត​​ និងអនាម័យ​ប្រកបដោយ​សុវត្ថិភាព និងមាន​ភាពធន់​​នឹងអាកាសធាតុ ដោយកាត់​បន្ថយ​ការគំរាម​កំហែង​ដែលបង្កឡើង​ដោយការប្រែប្រួល​អាកាសធាតុ។

​គម្រោង​ទឹកស្អាត​នេះ​ធ្វើឡើង​ក្រោមកម្មវិធី​សហប្រតិបត្តិការ និងអនុវត្តដោយក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួង​អភិវឌ្ឍន៍​ជនបទ និង ក្រសួង​សាធារណការ​និងដឹកជញ្ជូន​របស់​កម្ពុជា ដោយទទួលបាន​ជំនួយ​បច្ចេកទេស​និងហិរញ្ញវត្ថុ​ពីក្រសួង​ធនធានទឹកចិន និងអង្គការ UNICEF ប្រចាំ​ប្រទេសចិន។

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានឱ្យដឹងថា កម្មវិធី​សហប្រតិបត្តិការនេះផ្តោតលើ​ការលើក​កម្ពស់​គុណភាព​ទឹកនិង​អនាម័យ​នៅតាម​សាលារៀន​និងសហគមន៍ ការអនុវត្ត​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ដែលផ្អែកលើ​ទំនាញ​និងថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ ការដំឡើង​បច្ចេកវិទ្យា​ឆ្លាតវៃ ដើម្បី​ត្រួតពិនិត្យ​និងគ្រប់គ្រង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​និងអនាម័យ​ពីចម្ងាយ និង ការដំឡើង​គ្រឿងបរិក្ខារ​ទឹកស្អាត​និងអនាម័យ​តាមសាលារៀន​និងមណ្ឌល​សុខភាព ដើម្បី​ផ្តល់ភាពងាយស្រួល​ដល់កុមារ​ក្នុងការ​ប្រើប្រាស់ ជាពិសេស​សម្រាប់​កុមារ​ដែលមាន​ពិការភាព ដោយកាត់បន្ថយ​តម្រូវការ​នៃការធ្វើដំណើរ​ដែលមិន​ចាំបាច់​សម្រាប់​កុមារ​ទាំងនេះ។

លោក លី គួអ៊ីង (Li Guoying) រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹកចិន​បានលើកឡើងថា ​ប្រទេស​ចិនបានត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សហការ​ជាមួយ​កម្ពុជា អង្គការ UNICEF ប្រទេស​ផ្សេងៗ និងអង្គការ​អន្តរជាតិ​នានា ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ​និងកិច្ចសហប្រតិបត្តិការ​ក្នុងគោលនយោបាយ​អភិបាលកិច្ច ការចែករំលែក​បទពិសោធន៍​និងបច្ចេកវិទ្យា​គ្រប់គ្រងទឹក។ តាមរយៈ​កិច្ចសហការនេះ យើងនឹង​ខិតខំ​សម្រេច​ឱ្យបាន​នូវគោលដៅ​ទឹកនៃរបៀបវារៈ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ២០៣០ របស់​អង្គការ​សហប្រជាជាតិ និងកសាង​សហគមន៍​ចិន-កម្ពុជា​ជាមួយនឹង​អនាគត​រួមគ្នា​ក្នុងយុគសម័យថ្មី។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានប្រសាសន៍ថា ប្រទេស​កម្ពុជា​បានបោះជំហាន​ទៅមុខ​គួរឱ្យកត់សម្គាល់ ក្នុងការ​ពង្រីក​លទ្ធភាព​ទទួលបាន​សេវា​ទឹកស្អាត​និងអនាម័យ ឆ្ពោះទៅ​ការសម្រេច​បាននូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា (CSDG) ៦.១ និង ៦.២។ យើងត្រូវ​ធានា​ឱ្យមាន​ទឹកបរិភោគ​ដែលមាន​សុវត្ថិភាព​និងតម្លៃ​សមរម្យ និងមាន​សេវា​អនាម័យ​សម្រាប់​ប្រជាជន​ទាំងអស់​​ត្រឹមឆ្នាំ២០៣០ ដោយផ្តល់​អាទិភាព​ដល់ស្ត្រី ក្មេងស្រី និង ប្រជាពលរដ្ឋ​ងាយរងគ្រោះ៕

你可能还喜欢