សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំវេទិកាជាលើកទី ១ រវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ

វេទិកា​លើកទី ១ រវាង​រាជរដ្ឋាភិបាល​និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ដើម្បី​ពិភាក្សា​អំពី​ការងារ​កំណែទម្រង់​វិមជ្ឈការ​និងវិសហមជ្ឈការ បានប្រារព្ធ​ឡើងនាព្រឹក​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

គណៈកម្មាធិការ​ជាតិសម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិបានឱ្យដឹងថា  វេទិកា​រវាង​រាជរដ្ឋាភិបាល​និងរដ្ឋបាល​ថ្នាក់ក្រោមជាតិនេះ មានបំណង​រួមគ្នា​វាយតម្លៃ​អំពី​វឌ្ឍនភាព បញ្ហាប្រឈម កំណត់​ដំណោះស្រាយ និង តម្រង់ទិស​ផ្នែកគោលនយោបាយ សម្រាប់​សម្រួច​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ​និងវិសហមជ្ឈការ ដើម្បី​ចូលរួម​កសាង​ជាមូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណែទម្រង់​វិមជ្ឈការ​និងវិសហមជ្ឈការ​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​ផ្តល់លទ្ធភាព​ដល់មន្ត្រី​ថ្នាក់ក្រោមជាតិ​បំពេញភារកិច្ច​ទៅតាម​ចំណេះ​និងជំនាញ​របស់ពួកគាត់ ដែលអាច​ជួយឱ្យយើងដោះស្រាយ​បញ្ហា​មូលដ្ឋាន​កាន់តែ​មានប្រសិទ្ធភាពខ្ពស់ ព្រោះពួកគាត់​យល់ពីបញ្ហា​មូលដ្ឋាន​ច្បាស់លាស់។ ដូច្នេះ​យើងអាចធ្វើការរួមគ្នា លើកពីបញ្ហា កំណត់​ដំណោះស្រាយ បន្ទាប់មកតម្រង់ទិស​គោលនយោបាយ ដើម្បីកសាង​ជាមូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០។

សមាសភាព​ចូលរួម​វេទិកា​លើកទី ១ រវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ រួមមា​នតំណាង​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា​ធម្មនុញ្ញ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត សមាជិក​រាជរដ្ឋាភិបាល ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និងផ្តល់យោបល់ ក្រសួង​ស្ថាប័ន​នៃរាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រោមជាតិ អង្គការ​សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និង អ្នកពាក់ព័ន្ធ​នានា៕

你可能还喜欢