កម្ពុជាមានប្រជាជនសរុបជាង ១៧ លាននាក់ក្នុងឆ្នាំ២០២៤ ខណៈភ្នំពេញមានចំនួនប្រជាជនច្រើនជាងគេ

ព្រះរាជាណាចក្រ​កម្ពុជា​មានប្រជាជន​សរុប​ចំនួន ១៧ ២៨០ ៥៤៣ នាក់ក្នុងឆ្នាំ២០២៤ កើនឡើង ១ ៧២៨ ៣៣២ ពី ១៥ ៥៥២ ២១១ ក្នុងឆ្នាំ២០១៩ ដែលត្រូវជា ១១,១%។ នេះបើយោងតាម​របាយការណ៍​លទ្ធផល​ចុងក្រោយ​នៃអង្កេត​ចន្លោះ​ជំរឿន ដែលរៀបចំ​ដោយវិទ្យាស្ថានជាតិ​ស្ថិតិ​និងក្រសួងផែនការ។

របាយការណ៍​បានបង្ហាញ​ទៀតថា ចំនួន​ប្រជាជន​ជាបុរសមាន ៨ ៤៩០ ៤១៩ នាក់ ស្មើនឹង ៤៩,១% ខណៈ​ចំនួន​ប្រជាជន​ជាស្ត្រីមាន ៨ ៧៩០ ១២៥ នាក់ ស្មើនឹង ៥០,៩% នៃចំនួន​ប្រជាជន​សរុប។

លទ្ធផល​អង្កេត​ចុងក្រោយ​បានបង្ហាញថា ក្នុងចំណោម​រាជធានី-ខេត្តទាំង ២៥ រាជធានី​ភ្នំពេញ​មានប្រជាជន​ខ្ពស់បំផុត​ដែលមានចំនួន ២ ៣៥២ ៨៥១ នាក់ (១៣,៦%) ខេត្តកណ្តាល ១ ៣៥២ ១៩៨ នាក់ (៧,៨%) ខេត្តព្រៃវែង ១ ២៧៧ ៨៦៧ នាក់ (៧,៤%) ខេត្តបាត់ដំបង ១ ១៣២ ០១៧ នាក់ (៦,៦%) ខេត្តសៀមរាប ១ ០៩៩ ៨២៥ នាក់ (៦,៤%) ខេត្តតាកែវ ១ ០៩៧ ២៤៣ នាក់ (៦,៣%) ខេត្តកំពង់ចាម ១ ០៦២ ៩១៤ នាក់ (៦,២%) ខេត្តកំពង់ស្ពឺ ៩២៤ ១៧៥ នាក់ (៥,៣%) ខេត្តបន្ទាយមានជ័យ ៨៩៨ ៤៨៤ នាក់ (៥,២%) ខេត្តត្បូងឃ្មុំ ៨៨៩ ៩៧០ នាក់ (៥,២%) ខេត្តកំពង់ធំ ៨០៧ ២៥៤ នាក់ (៤,៧%) ខេត្តកំពត ៦៨២ ៩៨៧ នាក់ (៤,០%) ខេត្តស្វាយរៀង ៦១៣ ១៥៩ នាក់ (៣,៥%) ខេត្តកំពង់ឆ្នាំង ៦០៤ ៨៩៥ នាក់ (៣,៥%) ខេត្តពោធិ៍សាត់ ៥១៦ ០៧២ នាក់ (៣,០%) ខេត្តក្រចេះ ៤៤១ ០៧៨ នាក់ (២,៦%) ខេត្តឧត្តរមានជ័យ ២៦៧ ៧០៣ នាក់ (១,៥%) ខេត្តព្រះវិហារ ២៤៩ ៩៧៣ នាក់ (១,៤%) ខេត្តរតនគិរី ២៣៥ ៨៥២ នាក់ (១,៤%) ខេត្តព្រះសីហនុ ២៣៤ ៧០២ នាក់ (១,៤%) ខេត្តស្ទឹងត្រែង ១៧៦ ៤៨៨ នាក់ (១,០%) ខេត្តកោះកុង ១៤០ ៩៦២ នាក់ (០,៨%) ខេត្តមណ្ឌលគិរី ៩៧ ៨៥៧ នាក់ (០,៦%) ខេត្តប៉ៃលិន ៧៩ ៤៤៥ នាក់ (០,៥%) និង ខេត្តកែប ៤៨ ៧៧២ នាក់ (០,៣%)៕

你可能还喜欢