មកដឹងពីពន្ធអចលនទ្រព្យដែលរាជរដ្ឋាភិបាល បន្តលើកទឹកចិត្តនៅឆ្នាំ២០២៥
ចូលមកដល់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកទឹកចិត្ត ដល់ពន្ធអចលនទ្រព្យមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដោយក្នុងដំណាក់កាលបច្ចុប្បន្ន ពន្ធលើអចលនទ្រព្យអនុវត្តចំពោះតែអចលនទ្រព្យ ដែលស្ថិតក្នុងរាជធានីភ្នំពេញ និងបណ្តាក្រុងនៃខេត្តនានាតែប៉ុណ្ណោះ។
សម្រាប់ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលការណ៍លើកទឹកចិត្តពន្ធ ចំពោះពន្ធអចលនទ្រព្យមួយចំនួនដូចខាងក្រោម៖
១. អចលនទ្រព្យដែលមានតម្លៃតិចជាងឬស្មើ ១០០ លានរៀល ត្រូវទទួលបានការលើកលែងពន្ធលើអចលនទ្រព្យ។
២. អចលនទ្រព្យជាប្រភេទដីកសិកម្ម ដែលប្រជាពលរដ្ឋកំពុងបង្កបង្កើនផល និងសំណង់ដែលបម្រើផ្ទាល់និងអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម ដែលអចលនទ្រព្យមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និងក្រុងនៃខេត្តនានា ដោយពុំចាំបាច់ភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីស្ថាប័នមានសមត្ថកិច្ចឡើយ ឱ្យតែនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិឬលិខិតផ្ទេរសិទ្ធិ) បានបញ្ជាក់ថា ជាប្រភេទដីធ្លីកសិកម្ម។
៣. ករណីអចលនទ្រព្យដែលមានឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិឬលិខិតផ្ទេរសិទ្ធិ) ជាប្រភេទដីលំនៅឋាន ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានីភ្នំពេញ និងក្រុងនៃខេត្តនានា ប៉ុន្តែស្ថានភាពប្រើប្រាស់ដីធ្លីជាក់ស្តែងត្រូវបានប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល អចលនទ្រព្យនោះត្រូវទទួលបានការលើកលែងពីការបង់ពន្ធលើអចលនទ្រព្យផងដែរ ប៉ុន្តែតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន។
៤. អចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យនាពេលកន្លងមក ខុសមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ត្រូវបានលើកលែងការកំណត់ពន្ធឡើងវិញ ដែលមានប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមនិងការប្រាក់) ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធរហូតដល់ឆ្នាំ២០២៤។
៥. អចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិឬគ្មានប័ណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក បន្តអនុញ្ញាតឱ្យចុះបញ្ជីនិងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ឬទទួលប្រយោជន៍ចុងក្រោយ និងចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ អនុញ្ញាតបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។
៦. លើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះសង្កាត់ចំនួន ៤ ក្នុងក្រុងតាខ្មៅ រួមមានសង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និង សង្កាត់រកាខ្ពស់ ដែលកាត់ពីស្រុកស្អាងនិងស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាល ព្រមទាំងអចលនទ្រព្យស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យនៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និង ក្រុងសំពៅពូននៃខេត្តកណ្តាល និង ក្រុងបូកគោនៃខេត្តកំពត។
ដោយឡែក សម្រាប់ពន្ធលើអចលនទ្រព្យនិងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាប្រភេទពន្ធប្រចាំដែលអ្នកជាប់ពន្ធត្រូវបំពេញកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ ចាប់ពីខែមករាដល់ដំណាច់ខែកញ្ញានៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថា សម្រាប់ឆ្នាំ២០២៥ ត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៕