លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការគណបក្សខេត្តហឺណាន

នាព្រឹក​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានដឹកនាំ​គណៈប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងសមាគម​ឧកញ៉ា​កម្ពុជា ចូលជួប​សម្តែង​ការគួសម​ និងពិភាក្សា​ការងារ​ជាមួយលោក លីវ នីង (Liu Ning) លេខាបក្ស​ខេត្តហឺណាន (Henan) ក្នុងគោលបំណង​ពិភាក្សា​អំពី​លទ្ធភាព​នៃការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច​ និងវិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

ក្នុងឱកាស​នៃជំនួប លោក លីវ នីង បានលើកឡើង​អំពី​វឌ្ឍនភាព​ថ្មីៗ ​នៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​នៃខេត្តហឺណាន ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ រយៈពេល​ជាង ២ សហស្សវត្សរ៍​មកហើយ។

លោកក៏បាន​បង្ហាញនូវ​ការកត់សម្គាល់ ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​ថ្នាក់ដឹក​នាំ​ចិន និង​កម្ពុជា ក្នុងការ​កសាង​សហគមន៍​វាសនា​រួមកម្ពុជា-ចិន ពង្រឹង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ និង បង្កើត​ឱ្យមាន​វឌ្ឍនភាព​វិជ្ជមាន ​ក្នុងការ​កសាង​ “របៀង​ឧស្សាហកម្ម​ និងបច្ចេកវិទ្យា” ក៏ដូចជា “​របៀង​មច្ឆា​និងអង្ករ” ជាដើម។ លោកបាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ដំណើរ​បេសកកម្ម​នាពេលនេះ នឹងអាច​ទាក់ទាញ​បាននូវ​គម្រោង​វិនិយោគិន​ជាច្រើន​ពីខេត្តហឺណាន ពិនិត្យ​លទ្ធភាព​និងឱកាស​ទៅបណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា សំដៅ​ចូលរួម​ចំណែក​លើកកម្ពស់​វិបុលភាព​សហគមន៍​វាសនា​រួមចិន-កម្ពុជា។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានលើកឡើងថា ​ដំណើរ​ទស្សនកិច្ច​មកកាន់​ខេត្តហឺណាននាពេលនេះ គឺជា​បេសកកម្ម​​ទាក់ទាញ ​និងជំរុញ​វិនិយោគ​នៅក្រៅ​ប្រទេស​ដំបូង​គេបង្អស់​ប្រចាំ​ឆ្នាំ២០២៥ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយលោក​បានកោតសរសើរ ​ចំពោះ​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​យ៉ាងឆាប់​រហ័ស​របស់​ខេត្តហឺណាន ដែលជា​ខេត្តដ៏រស់រវើក​មួយរបស់​ចិន។ ជាមួយគ្នានេះ លោកក៏បាន​លើកឡើង​អំពី​បច្ចុប្បន្នភាព​ថ្មីៗ ​នៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច និងបរិយាកាស​វិនិយោគ​នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក ស៊ុន ចាន់ថុល ក៏បាន​អញ្ជើញ​គណៈប្រតិភូ​រដ្ឋបាល​ខេត្តហឺណាន និងតំណាងសហគ្រាស​ប្រចាំខេត្ត បំពេញ​ទស្សនកិច្ច​ការងារ​នៅកម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​អំពី​សក្តានុពល និងកាលានុវត្តភាព​វិនិយោគ​ដ៏សម្បូរបែប ជាពិសេស​ពិនិត្យ​លទ្ធភាព​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​លើវិស័យ​កសិ-ឧស្សាហកម្ម និងតំបន់​សេដ្ឋកិច្ច​ពិសេស​លើអនុវិស័យ​យានយន្ត ​និងអេឡិចត្រូនិក ដើម្បី​ផលិត​វត្ថុធាតុដើម ​និងផលិតផល​ពាក់កណ្តាល​សម្រេច សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និងក្នុងតំបន់​៕

你可能还喜欢