ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត ១១ លានដុល្លារគាំទ្រសកម្មភាពកម្ចាត់មីនកម្ពុជា
ប្រទេសជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងជិត ១១ លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីគាំទ្រមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លើគម្រោងចំនួន២។
ឯកសារគម្រោងផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេសកម្ពុជា រាជធានីភ្នំពេញ។
គម្រោងទាំង ២ នេះរួមមាន៖ (១) គម្រោងពង្រឹងសមត្ថភាពរបស់ CMAC លើការហ្វឹកហ្វឺន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលមានហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់ចំនួន ១ ១៦៦ លានយ៉េន (ប្រមាណ ៨,៣ លានដុល្លារអាម៉េរិក) ប្រើប្រាស់ដើម្បីទិញសម្ភារៈបច្ចេកទេស រួមមានគ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និង រថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារៈបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពកម្ចាត់មីនទាំងក្នុងតំបន់និងអន្តរជាតិ។ (២) គម្រោងសម្រាប់ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន ៣០០ លានយ៉េន (ប្រមាណជាង ២ លានដុល្លារអាម៉េរិក) ប្រើប្រាស់សម្រាប់គាំទ្រគម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំពីសង្គ្រាម (សារមន្ទីរតេជោសន្ដិភាព) នៃ CMAC។
កម្ពុជាបានចាត់ទុកហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើថា នឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិសកម្មភាពបោសសម្អាតមីនរបស់កម្ពុជា ឆ្ពោះទៅសម្រេចបានគោលដៅប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕