ជា សិរី៖ ធនាគារជាតិមិនអាចបន្ថយអត្រាការប្រាក់ជាដុល្លារអាម៉េរិកបានទេ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ធនាគារកណ្ដាលកម្ពុជាមិនអាចអន្តរាគមន៍លើអត្រាការប្រាក់លើកម្ចីជាដុល្លារអាម៉េរិកនោះទេ ដោយសារផលប៉ះពាល់នេះកើតពីគោលនយោបាយអាម៉េរិក ដែលបានដំឡើងដោយធនាគារកណ្ដាលប្រទេសនោះ ដែលប៉ះពាល់ដល់ប្រាក់ដុល្លារទាំងអស់ក្នុងពិភពលោក។
លោកស្រី ជា សិរី បានលើកឡើងបែបនេះក្នុងពិធីអបអរខួប ៤៥ ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ លោកស្រីបានថ្លែងថា អ្នកដែលខ្ចីលុយជាដុល្លារ ត្រូវតែទ្រាំនូវការទទួលអត្រាការប្រាក់អន្តរជាតិ ព្រោះធនាគារជាតិមិនអាចអន្តរាគមន៍លើបញ្ហានេះបានទេ ដោយលោកស្រីបានពន្យល់ថា ផលប៉ះពាល់នេះគឺបណ្ដាលមកពីអតិផរណារបស់សហរដ្ឋអាម៉េរិក ដែលធនាគារកណ្ដាលប្រទេសនោះបានដំឡើងការប្រាក់កម្ចី ការពារកុំឱ្យប្រជាជនចាយច្រើន ងាយស្រួលគ្រប់គ្រងអតិផរណា ដូច្នេះវាបានប៉ះពាល់ដល់កម្ចីជាដុល្លារទាំងអស់ទូទាំងពិភពលោក។ ធនាគារជាតិនៃកម្ពុជាអាចធ្វើបានតែលើប្រាក់រៀលប៉ុណ្ណោះ យើងមិនអាចអន្តរាគមន៍លើអត្រាការប្រាក់អន្តរជាតិឡើយ។ និយាយរួម ការអន្តរាគមន៍ការប្រាក់គឺធ្វើបានតែលើលុយជាតិរបស់ប្រទេស តែដោយសារកម្ចីដុល្លារមានច្រើន ដូច្នេះធនាគារជាតិអាចអន្តរាគមន៍ត្រឹមមួយផ្នែកប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់លោកស្រី ជា សិរី កម្ចីដែលធ្វើជាលុយរៀលនៅកម្ពុជាមានតែ ១៣% ប៉ុណ្ណោះនៃកម្ចីឥណទានរបស់ប្រជាពលរដ្ឋដែលបានខ្ចីធនាគារនានានៅកម្ពុជា៕