ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយអភិបាលក្រុងសៀងហៃ Gong Zheng

នាព្រឹក​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ចូលជួប​សម្តែងការ​គួរសម និងពិភាក្សា​ការងារ​ជាមួយលោក កុង ជឹង (Gong Zheng) អភិបាលក្រុង​សៀងហៃ ក្នុងគោលបំណង​ពិភាក្សា​អំពី​លទ្ធភាព​នៃការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើការ​និយោគ​រវាង​ប្រទេស​ទាំងពីរ។

លោក កុង ជឹង បានលើកឡើង​អំពី​វឌ្ឍនភាព​ថ្មីៗ​នៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ទីក្រុង​សៀងហៃ ដែលជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ​ដ៏ធំ​ប្រចាំ​ប្រទេសចិន តំបន់ និង សកលលោក។ លោកក៏បាន​ថ្លែងនូវ​ការកត់សម្គាល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​ថ្នាក់ដឹកនាំ​ចិន-កម្ពុជា ក្នុងការ​កសាង​សហគមន៍​វាសនារួម​កម្ពុជា-ចិន ពង្រឹង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ និងរុញច្រាន​សកម្មភាព​ក្រោមក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ (Belt and Road Initiative – BRT) ឱ្យកាន់តែ​រីកលូតលាស់​ជាលំដាប់។

លោកក៏បាន​បង្ហាញ​ជំនឿចិត្តថា ដំណើរ​បេសកកម្មរបស់​គណៈប្រតិភូ​កម្ពុជា​​នាពេលនេះ នឹងអាច​ទាក់ទាញ​បាននូវ​វិនិយោគិន​និងធុរជន​ពីទីក្រុង​សៀងហៃ ឱ្យទៅ​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា​បន្ថែមទៀត សំដៅ​ចូលរួម​ចំណែក​លើកកម្ពស់​វិបុលភាព​សហគមន៍​វាសនារួម​ចិន-កម្ពុជា។

លោក ស៊ុន ចាន់ថុល បានមាន​ប្រសាសន៍ថា ទីក្រុង​សៀងហៃគឺជា​គោលដៅ​ទីពីរ ដែលគណៈប្រតិភូកម្ពុជា​បំពេញ​បេសកកម្ម​ជំរុញ​និងទាក់ទាញ​វិនិយោគ បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ប្រកបដោយ​ផ្លែផ្កា​នៅទីក្រុង​ចឹងចូវ (Zhengzhou) ខេត្តហឺណាន (Henan)។ លោកក៏បាន​សម្តែង​នូវការ​កោតសរសើរ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និងបែបផែន​ជីវិត​យ៉ាងឆាប់រហ័ស​របស់​ទីក្រុង​សៀងហៃ ដែលជា​មជ្ឈមណ្ឌល​បណ្តុំនូវ​ទំនើបកម្ម ភាពស៊ីវីល័យ និង សហសម័យ​ជំនាន់ថ្មី​របស់​ប្រទេសចិន។

លោកបាន​លើកឡើង​អំពី​បច្ចុប្បន្នភាព​ថ្មីៗ​នៃការអភិវឌ្ឍ​របស់​កម្ពុជា ជាពិសេស​បានគូស​រំលេច​អំពី​គម្រោង​វិនិយោគ​មកពី​ប្រទេសចិន​ដែលឈរ​នៅលំដាប់​លេខរៀងទី១ ដោយបាន​គ្របដណ្តប់​ទុនវិនិយោគ​ស្ទើរតែ​ពាក់កណ្តាល​នៃទុនវិនិយោគ​អន្តរជាតិ​សរុប​ប្រមាណ ៦,៩ ប៊ីលាន​ដុល្លារអាម៉េរិក កាលពី​ឆ្នាំ២០២៤ កន្លងទៅនេះ។

ក្នុងឱកាស​នៃជំនួប​នេះផងដែរ លោក ស៊ុន ចាន់ថុល បានអញ្ជើញ​គណៈប្រតិភូ​រដ្ឋបាល​ក្រុង និងតំណាង​សហគ្រាស​ប្រចាំ​ទីក្រុង​សៀងហៃ ពិនិត្យ​ឱកាស​ក្នុងការ​បំពេញ​ទស្សនកិច្ច​ការងារ​នៅកម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​អំពី​សក្តានុពល និងកាលានុវត្តភាព​វិនិយោគ​ដ៏សម្បូរបែប ព្រមទាំង​ពិនិត្យ​លទ្ធភាព​ផ្តល់ម៉ោងហោះហើរ​សមរម្យ​ជូនក្រុមហ៊ុន​អាកាសចរណ៍​ជាតិកម្ពុជា ដើម្បី​បង្កលក្ខណៈ​ក្នុងការ​បង្កើត​ជើងហោះហើរ​ថ្មីបន្ថែម សំដៅ​លើកកម្ពស់​ការតភ្ជាប់​រវាង​ប្រជាជន​និងប្រជាជន និងការតភ្ជាប់​រវាង​ធុរជន​និងធុរជន រវាង​កម្ពុជា​និងក្រុងសៀងហៃ​៕

你可能还喜欢