រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ៥៩៧ គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃនាអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរៀបចំរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល ៦ ថ្ងៃ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្ដាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។
ការរៀបចំរថយន្តក្រុងនេះ គឹជាការអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញនាឱកាសបិទសន្និបាតក្រសួងមុខងារសាធារណ: កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយរដ្ឋបាលរាជធានីភ្នំពេញសម្រេចរៀបចំរថយន្តក្រុងសរុបចំនួន ៥៩៧ គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ដោយមិនបង់ប្រាក់រយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងនោះ សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រើប្រាស់រថយន្តចំនួន ១០០ គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ និងសេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញ ប្រើប្រាស់រថយន្តចំនួន ៤៩៧ គ្រឿង ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ៕