ព្រឹទ្ធសភាជំរុញធនាគារជាតិនៃកម្ពុជា ពិនិត្យករណីធនាគារកាត់សេវាពីគណនី ដែលគ្មានប្រតិបត្តិការ

អនុប្រធាន​ទី ២ ព្រឹទ្ធសភា​កម្ពុជា លោក ធន់ វឌ្ឍនា បានជំរុញឱ្យធនាគារជាតិ​នៃកម្ពុជា ធ្វើការពិនិត្យចំពោះ​ការកាត់ថ្លៃ​សេវា​ពីគណនី​ដែលគ្មាន​ប្រតិបត្តិការ​របស់អតិថិជន ដែលបញ្ហានេះ​គឺជាចម្ងល់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នានា។

លោក ធន់ វឌ្ឍនា បានលើកពី​បញ្ហានេះ​នៅក្នុងពិធី​បិទសិក្ខាសាលា​ស្ដីពី​ប្រាក់រៀល និងអបអរ​ខួប ៤៥ ឆ្នាំ​នៃការដាក់​ចរាចរណ៍​ប្រាក់រៀល​ឡើងវិញ​ នៅសភាជាតិ​កម្ពុជា​កាលពីពេលថ្មីៗនេះ។ លោកបាន​លើកឡើងថា ការកាត់លុយ​ចេញពី​គណនី​ដែលពលរដ្ឋ​ទុកលុយ​ក្នុងនោះ ជារឿងមួយ​មិនសមរម្យ។

លោកបាន​ចោទជា​សំណួរថា ខាងធនាគារ​ថាដោយសារតែ​គណនី​ហ្នឹងអត់ប្រើ ដូច្នេះ​ត្រូវគិតសេវា។ ចុះបើសិនជា​អតិថិជនទៅដកលុយ​រាល់ថ្ងៃ ដកដាក់ៗ តើបុគ្គលិក (ធនាគារ) រវល់ឬអត់ទេ? បើខាងធនាគាររវល់ វាគួរតែ​គិតសេវា តែអតិថិជន​យកលុយ​ទៅដាក់ចោល រឿងអី​ខាងធនាគារ​ត្រូវគិតសេវាដែរ? ហេតុអ្វី​ពេល​អតិថិជន​ទៅដកលុយ​ដាក់លុយ ដែលត្រូវ​រវល់​ដល់បុគ្គលិក ខាតទាំង​ម៉ាស៊ីន​ត្រជាក់​ធនាគារ ខាងធនាគារ​មិនគិតសេវា តែពេល​លុយនៅស្ងៀម ខាងធនាគារ​បែរជាគិតសេវាទៅវិញ? ដោយការកាត់​សេវា​ប្រចាំឆ្នាំ​លើគណនី​ដែលពុំមាន​ប្រតិបត្តិការ​ក្នុងតម្លៃ​ប្រមាណ ៥ ដុល្លារ​អាម៉េរិក​ក្នុងមួយឆ្នាំ។

លោក ធន់ វឌ្ឍនា បានជំរុញ​ដល់ធនាគារជាតិ​នៃកម្ពុជា គួរចេញ​ប្រកាស​មួយលើករណីនេះ ជាមួយនឹងការ​ពិនិត្យ​ដល់គណនី​ធនាគារ​ដែលម្ចាស់​ទទួល​មរណភាពផងដែរ ដើម្បី​ជៀសវាងមានរឿងមិនប្រក្រតី​ណាមួយ​កើតឡើង៕

你可能还喜欢