ធនាគារជាតិកម្ពុជាបារម្ភពីការប្រើអំណាច បង្កកទ្រព្យសម្បត្តិដោយសហរដ្ឋអាម៉េរិក
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងពីក្ដីបារម្ភចំពោះការប្រើអំណាចទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើប្រទេសមួយដោយអាជ្ញាធរសហរដ្ឋអាម៉េរិក បន្ទាប់ពីឃើញឧទាហរណ៍នៃការបង្កកលុយរបស់រុស្ស៊ីក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននាពេលកន្លងទៅ។
លោកស្រី ជា សិរី បានថ្លែងថា ដរាបណានៅតែប្រើប្រាស់ដុល្លារអាម៉េរិក នោះអាម៉េរិកនៅតែមានអំណាចក្នុងការប្រើប្រាស់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើប្រទេសមួយ ខណៈការផ្លាស់ប្ដូរឈប់ចាយលុយដុល្លារគឺជារឿងដ៏វែងឆ្ងាយមួយ។
លោកស្រីបានបន្ថែមថា អំណាចបង្កកទ្រព្យសម្បត្តិរបស់អាម៉េរិក គឺជាការបារម្ភរបស់ធនាគារកណ្ដាលរបស់ប្រទេសទាំងអស់នៅទូទាំងពិភពលោក។ ស្របពេលដែលការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជាដូចពេលបច្ចុប្បន្ន ពិតជានាំឱ្យកម្ពុជាមានភាពងាយរងគ្រោះ ជាពិសេសក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងពេលដែលមិនមានភាពប្រាកដប្រជានៃនយោបាយអាម៉េរិក ព្រមទាំងការបែងចែកភូមិសាស្ត្រនយោបាយជាដើម។
លោកស្រីបានលើកពីប្រទេសរុស្ស៊ីជាឧទាហរណ៍ជាក់ស្តែងថា ពេលដែលអាម៉េរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរុស្ស៊ី អាម៉េរិកទៅបង្កកលុយរបស់ធនាគារកណ្ដាលរុស្ស៊ីដែរ ដោយបានបង្កកលុយគេទុកប៉ុន្មានទ្រីលានដុល្លារ។ ការណ៍នេះបានធ្វើឱ្យប្រទេសផ្សេងៗចាប់ផ្តើមភ្ញាក់រឭកថា លុយរបស់យើងដែលយកទៅវិនិយោគ គឺជាលុយរបស់យើងដរាបណាអាម៉េរិកថាលុយហ្នឹងជាលុយរបស់យើង បើថ្ងៃណាអាម៉េរិកថា លុយហ្នឹងមិនមែនជាលុយរបស់យើងទេ គាត់រឹបអូសយកស្រេចតែចិត្ត។ នេះជាក្តីបារម្ភចំពោះអ្នកដែលកាន់លុយដុល្លារ គឺពួកគាត់ភ័យខ្លួន។
លោកស្រី ជា សិរី បានពន្យល់ថា លុយដុល្លារអាម៉េរិកគឺជាសម្បត្តិរបស់រតនាគារអាម៉េរិក ដូច្នេះបើសិនជាថ្ងៃណាមួយ អាម៉េរិកមិនសប្បាយចិត្តជាមួយនឹងគោលនយោបាយប្រទេសណាមួយ អាម៉េរិកមានសិទ្ធិគ្រប់ពេលក្នុងការបង្កកលុយមិនទទួលយកពីប្រទេសនោះ ដែលនេះហើយជាក្ដីបារម្ភដែលមិនត្រឹមតែធនាគារជាតិនោះទេ ពលរដ្ឋក្នុងប្រទេសនោះក៏ប៉ះពាល់ផងដែរ។
ដុល្លារូបនីយកម្មនៅកម្ពុជា ត្រូវបានកត់សម្គាល់ថាមានវត្តមានចាប់ពីឆ្នាំ១៩៩៣ ក្នុងពេលដែលកម្ពុជាត្រូវបានគ្រប់គ្រងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ (UNTAC) ដែលយកដុល្លារអាម៉េរិកមកចាក់ចូលក្នុងប្រទេសប្រមាណ ១,៧ ទ្រីលានដុល្លារអាម៉េរិក ធ្វើឱ្យមានលំហូរនៃលុយដុល្លារនៅកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ហើយការងាកមកឈប់ប្រើប្រាស់ដុល្លារ គឺជារឿងដ៏សែនពិបាកនិងវែងឆ្ងាយមួយ។
លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា បានលើកឡើងថា ការធ្វើបដិដុល្លារូបនីយកម្មបាននៅកម្ពុជា លុះត្រាតែធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ និងអ្នកវិនិយោគបរទេសទុកចិត្តលើប្រាក់រៀលជាមុនសិន។ ការកើនឡើងនៃទំហំប្រាក់រៀល នឹងធ្វើឱ្យទំហំទូទាត់ដោយប្រាក់ដុល្លារថយចុះបន្តិចម្តងៗ៕