ពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ បានប្រារព្ធឡើងជាផ្លូវការក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត

ពិធីបុណ្យទន្លេ​លើកទី ៩ ក្រោមប្រធានបទ “គុណតម្លៃ​នៃទន្លេ៖ ផ្សារភ្ជាប់​វប្បធម៌​និងទេសចរណ៍​ធម្មជាតិ” បានប្រារព្ធ​ឡើងជាផ្លូវការ​នៅខេត្តតាកែវ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

  

ពិធីបុណ្យ​ទន្លេ​ធ្វើឡើងដើម្បី​បំផុស​ចលនា​មហាជន ឱ្យចូលរួម​ក្នុងការអភិរក្ស​និងអភិវឌ្ឍ​ធនធាន​ទន្លេ​ប្រកបដោយ​និរន្តរភាព និងចូលរួម​សម្រេច​យុទ្ធសាស្រ្ត​ពិពិធកម្ម​ទេសចរណ៍​ឱ្យកាន់តែ​សម្បូរបែប។

គោលបំណង​ធំចំនួន ៣ សម្រាប់​ព្រឹត្តិការណ៍​បុណ្យទន្លេ​ឆ្នាំ២០២៥ នេះ​រួមមាន (១) ជំរុញ លើកតម្លៃ និង ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ខេត្តតាមដងទន្លេ។ (២) ចូលរួម​គាំទ្រ​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ក្នុងការ​យកចិត្តទុកដាក់​អភិវឌ្ឍ​តំបន់​តាមដងទន្លេ និងចូលរួម​សម្រេច​យុទ្ធសាស្រ្ត​ពិពិធកម្ម​ទេសចរណ៍ តាមរយៈ​ការបង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មីៗ សម្រាប់​ខេត្តតាមដងទន្លេ។ (៣) បំផុស​ចលនា​មហាជន​និងគ្រប់ភាគី​ពាក់ព័ន្ធ ឱ្យចូលរួម​ក្នុងការងា​រអភិរក្ស​និងអភិវឌ្ឍ​ធនធាន​ទន្លេ ប្រកបដោយ​និរន្តរភាព​និងការ​ទទួលខុសត្រូវ ព្រមទាំង​លើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ ឱ្យចូលរួម​ក្នុងសកម្មភាព​នៃការបង្កើន​សោភណភាព អនាម័យ​បរិស្ថាន​ទីក្រុង​និងសហគមន៍ សំដៅ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរជាតិ​និងអន្តរជាតិ​បន្ថែមទៀត។

ថ្លែងក្នុង​ពិធីបើកបុណ្យទន្លេ​លើកទី ៩ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញ​ឱ្យខេត្ត-ក្រុង​និងតំបន់ទេសចរណ៍​នីមួយៗ​ពង្រឹង​គុណភាព​ទេសចរណ៍ឱ្យបានល្អ ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នូវសក្តានុពល​ទេសចរណ៍​ដែលមាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន និងដាក់គោលដៅ​ទេសចរណ៍​ចាប់ពី​ទេសចរ​ក្នុងស្រុកជាមុន មុននឹងសំដៅ​លើទេសចរ​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ឱ្យបានកាន់តែ​ច្រើន៕

你可能还喜欢