ធនាគារជាតិកម្ពុជាដាស់តឿនប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធ នឹងការប្រើប្រាស់រូបិយវត្ថុ
នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានចេញសារដាស់តឿនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ប្រឌិត និង បោកប្រាក់តាមរូបភាពណាមួយ ក្នុងចេតនាទុច្ចរិត ជាពិសេសព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ននេះ។
ការដាស់តឿនរបស់ធនាគារជាតិនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Samdach Seng Ratana បានបង្ហោះនូវព័ត៌មានមិនពិតនិងប្រឌិតមួយ ដោយគណនីនេះបានសរសេរថា៖ លោកស្រី ជា សិរី ប្រធានធនាគារជាតិកម្ពុជា ព្រមានមិនឱ្យចាយលុយដុល្លារ ឱ្យចាយលុយដុងរបស់យួនវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ។ អញ្ចឹងបងប្អូនដែលមានលុយដុល្លារ សូមប្រញាប់ប្រញាល់ចាយវាយ និងទិញមាសទុកឱ្យហើយទៅ……”។ សូមប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ប្រឌិត បោកប្រាស់ក្នុងចេតនាទុច្ចរិតពីផេកហ្វេសប៊ុកមួយនេះ។
ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ពីព័ត៌មានពិតដែលលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងពាក់ព័ន្ធនឹងប្រាក់ដុល្លារអាម៉េរិក ដោយលោកស្រីបានមានប្រសាសន៍ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់និងចាយវាយប្រាក់រៀលខ្មែរឱ្យបានទូលំទូលាយ ដើម្បីពង្រឹងឯករាជ្យនិងអធិបតេយ្យភាពជាតិ។
លោកស្រី ជា សិរី បានមានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ” នៅវិមានរដ្ឋសភា កាលពីថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥ កន្លងទៅ។
បណ្តាញទំនាក់ទំនងសង្គមគឺជាបណ្តុំព័ត៌មានចម្រុះមកពីគ្រប់មជ្ឈដ្ឋាន ដូច្នេះអ្វីដែលមើលឃើញនិងស្តាប់ឮ ត្រូវធ្វើការពិចារណានិងជឿដោយបញ្ញា៕