រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើត ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអនុវត្តច្បាប់ និងអន្តរាគមន៍ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់។
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្តីពីការបង្កើត «ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» បានឱ្យដឹងថា តួនាទីរបស់ «ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» រួមមាន ជាសេនាធិការជូននាយករដ្ឋមន្ត្រីលើកិច្ចការច្បាប់។ ធ្វើការសិក្សា អង្កេតស្រាវជ្រាវ និង លើកយោបល់ពាក់ព័ន្ធនឹងការស្នើសុំអន្តរាគមន៍ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ទៅតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី។ សម្របសម្រួល ទំនាក់ទំនង និង សហការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិរដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្តាភាគីពាក់ព័ន្ធ ដើម្បីសម្រេចភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី។
«ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» គឺចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានសមាភាពលោក ម៉ុក ច័ន្ទសុធា ជាប្រធាន លោក ចេង ប៉េងហាប់ និងលោក ហាក់ សុភារិទ្ធ ជាអនុប្រធាន លោក ជា សុធារ៉ា លោក លី សុវណ្ណបញ្ញា លោក ឆាយ សុធា លោក ផាន់ លីវ៉ា លោក សួស សារុន លោក ហេង សុផារិទ្ធ និង លោក រស់ ឧត្តម ជាសមាជិក៕