កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត គ្រោងនឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់ពី​ក្រុមការងារ​អន្តរស្ថាប័ន​បាន​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ត្រៀមរៀបចំ​ពិធី​សម្ពោធកំពង់ផែនេះ។

ក្រោយ​បញ្ចប់​ការសាងសង់ កំពង់ផែ​ទេសចណ៍​អន្តរជាតិ​ខេត្តកំពតនេះត្រូវបាន​​បើកឱ្យ​ដំណើរការ​បណ្តោះអាសន្ន​នៅអំឡុង​​ខែ​ធ្នូ ឆ្នាំ២០២៤។

ថ្លែងនៅ​ក្នុង​ពិធីបិទសន្និបាត​បូកសរុបការងារ​ឆ្នាំ២០២៤ និងលើកទិសដៅ​បន្តឆ្នាំ២០២៥ របស់​ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពី​រសៀល​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ថា កំពង់ផែ​ទេសចរណ៍​​​​អន្ដរជាតិ​ខេត្តកំពត នឹងក្លាយជា​មធ្យោបាយ​តភ្ជាប់​ការធ្វើដំណើរ ការដឹកជញ្ជូន​រយៈពេលវែង និងប្រកបដោយ​ភាពប្រទាក់ក្រឡា។ តាមរយៈ​កំពង់ផែនេះ នឹង​ជួយសម្រួល​ដល់ការ​តភ្ជាប់​ប្រទាក់​ក្រឡា​ការធ្វើដំណើរ​និងការ​ដឹកជញ្ជូន ព្រមទាំង​ចូលរួម​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និងចាប់យក​កាលានុវត្តភាព​ថ្មីៗ ដូចជា​ការទាក់ទាញ​វិនិយោគផ្ទាល់​និងទេសចរ​ពីបរទេស ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត សាងសង់​លើផ្ទៃដី​ទំហំ ៤ ហិកតា ស្ថិតក្នុង​ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែល​ចាប់ផ្ដើម​សាងសង់​នៅខែសីហា ឆ្នាំ២០១៨ និងសម្រេច​រួចរាល់​នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់​ថវិកាជាង ១១ លានដុល្លារ ក្រោមគម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណការ​និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀង​​ផ្តល់សិទ្ធិ​ដល់​ក្រុមហ៊ុន AZ Builders ក្នុងការ​ធ្វើ​ប្រតិបត្តិការ​គ្រប់គ្រង​និងថែទាំ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត អាចតភ្ជាប់​ប្រព័ន្ធ​ផ្លូវទឹក​ដ៏សំខាន់​រវាង​ខេត្តកំពត ខេត្តព្រះសីហនុ និង ខេត្តកែប ក៏ដូចជា​តភ្ជាប់​ផ្លូវទស្សនាចរ​សមុទ្រ​ជាមួយ​បណ្ដា​កំពង់ផែ​ទេសចរណ៍​នៅកោះត្រល់ ប្រទេស​វៀតណាម និងបណ្ដា​កំពង់ផែ​ទេសចរណ៍​នៅប្រទេសថៃ​ជាដើម ដែលអាច​ឱ្យនាវា​ដឹកភ្ញៀវទេសចរ​ចូលចត​យ៉ាងងាយស្រួល៕

你可能还喜欢