រដ្ឋមន្ត្រីរ៉ែនិងថាមពល កែវ រតនៈ ជំរុញឱ្យប្ដឹងមន្ត្រីដែលយកតួនាទីទៅកាងអាជីវកម្មរ៉ែគេចពន្ធ
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានលើកទឹកចិត្តដល់ពលរដ្ឋនិងអាជីវកររ៉ែទាំងអស់ ធ្វើការប្ដឹងមកក្រសួងនៅពេលឃើញមានមន្ត្រីរាជការ ឬមន្ត្រីគណបក្សប្រជាជនកម្ពុជាណា ដែលប្រើប្រាស់តួនាទីឬអំណាចធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ឬមិនបង់ពន្ធជូនរដ្ឋ។
លោក កែវ រតនៈ បានណែនាំទៅអគ្គនាយកដ្ឋានរ៉ែ ឱ្យពិនិត្យមើលដោយយកចិត្តទុកដាក់និងទំនួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាកុំឱ្យមានការបន្លំសួយសារពីសំណាក់អ្នកធ្វើអាជីវកម្មរ៉ែឱ្យសោះ ដោយលោកបានបញ្ជាក់ថា គ្មានការលើកលែងឬលក្ខខណ្ឌអ្វីពិសេសដល់មន្ត្រីរាជរដ្ឋាភិបាល ឬមន្ត្រីបក្សដែលរកស៊ីលើអាជីវកម្មរ៉ែនោះទេ ជាមួយនឹងការលើកទឹកចិត្តឱ្យអ្នកធ្វើអាជីវកម្មរ៉ែដូចគ្នាប្ដឹងមកក្រសួងផងដែរ។
លោកបានលើកទឹកចិត្តឱ្យអាជីវករដែលរកស៊ីផ្នែកខ្សាច់ ផ្នែកថ្ម ឬ ផ្នែកអ្វីដូចគ្នា ប្ដឹងមកក្រសួងបើសិនជាមានអ្នកណាមួយដែលយកក្របខណ្ឌគណបក្សប្រជាជនកម្ពុជា ឬក្របខណ្ឌតួនាទីរាជរដ្ឋាភិបាលទៅប្រើប្រាស់ ហើយមិនធ្វើអាជីវកម្មស្របច្បាប់ដូចគេ ដោយក្រសួងនឹងរក្សាការសម្ងាត់ និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលមិនធ្វើតាមច្បាប់។
អាជីវករឬប្រជាពលរដ្ឋអាចធ្វើការរាយការណ៍ ឬប្តឹងទៅក្រសួងរ៉ែ និងថាមពល តាមរយៈលេខ ០៩៥ ៧២៧ ៧២៧ របស់អគ្គនាយកដ្ឋានរ៉ែ។
របាយការណ៍ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្ដល់អាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែចំនួន ៥៥៥ កន្លែង ក្រោមទុនវិនិយោគសរុប ២,៧៦៤ ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតការងារជូនពលរដ្ឋប្រមាណ ១១ ៣០៦ នាក់។
ការធ្វើប្រតិបត្តិការធនធនរ៉ែទាំង ៥៥៥ កន្លែងនេះ បានផ្តល់ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែប្រមាណ ៦៥ លានដុល្លារ ក្នុងនោះចំណូលសួយសារមានចំនួន ៥៧ លានដុលារ ស្មើនឹង ៨៨% នៃចំណូលសរុប។ រីឯចំណូលសេវាសាធារណៈ ថ្លៃឈ្នួលផ្ទៃក្រឡា និង ចំណូលពីការផាកពិន័យ ក្រសួងប្រមូលបានជាង ៧ លានដុល្លារ ស្នើនឹង ១២% នៃចំណូលសរុប៕