ស្ពានអាកាស មរតកតេជោ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥

ស្ពានអាកាស មរតកតេជោ ដែលស្ថិតនៅ​ទីប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) និង មហាវិថី​យោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ក្នុងទឹកដី​ខណ្ឌមានជ័យ​ និងខណ្ឌចំការមន នឹងបើកសម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី។ នេះបើយោងតាម​លោកស្រី ដោ សម្ផស្ស នាយិការរង​រដ្ឋបាល និងជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ស្ពាន​អាកាស មរតក​តេ​ជោ នឹង​ជួយ​កាត់បន្ថយ​ការ​ខាតបង់​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ សន្សំ​សំចៃ សម្រួល​លំហូរ​ចរាចរណ៍ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ ជាពិសេស​ពេល​រដូវ​បុណ្យ​ទាន​ម្តងៗ ដូចជា ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរប្រពៃណី​ជាតិ ​និងព្រះរាជពិធី​បុណ្យអុំទូកជា​ដើម។

ស្ពានអាកាស មរតកតេជោ ត្រូវបាន​បើកការដ្ឋាន​សាងសង់​កាលពី​ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា។ ស្ពានអាកាស​នេះសាងសង់​ដោយក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយចំណាយ​ថវិកា ជាង ៣៦ លាន​ដុល្លារអាម៉េរិក និងចំណាយ​ពេលវេលា​សាងសង់ ៣៦ ខែ៕

你可能还喜欢