ស្ពានខ្ពស់ជាងគេរបស់កម្ពុជា នឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅមុនចូលឆ្នាំខ្មែរ
ស្ពានខ្ពស់ជាងគេលើកំណាត់ផ្លូវជាតិលេខ ១០ របស់កម្ពុជា នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នរយៈពេល ៧ ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។
បើតាមលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ ១០ ដែលបានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ ១០ បានឱ្យដឹងថា ស្ពានលេខ ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅលើកំណាត់ផ្លូវជាតិលេខ ១០ គ្រោងធ្វើពិធីចាក់បេតុងតភ្ជាប់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ពាននេះនឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ ដោយអនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ។
គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ តភ្ជាប់ពីសំឡូត (ខេត្តបាត់ដំបង) និងវាលវែង (ខេត្តពោធិ៍សាត់) ដល់ខេត្តកោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន ៤៧៨ កន្លែង និងស្ពានចំនួន ៣២ កន្លែង ក្នុងនោះស្ពានលេខ ២៨ ដែលជាស្ពានខ្ពស់ជាងគេ មានកម្ពស់ ៩០ ម៉ែត្រ ប្រវែង ៥៣៨ ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២% ផងដែរ។
ផ្លូវជាតិលេខ ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រនិងទទឹង ៩ ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ ខែ ដោយបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕