ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងពិនិត្យលើការអនុម័ត គម្រោងវិនិយោគចំនួន ១៣ ជាមួយទុនសរុបប្រមាណ ១០៤ លានដុល្លារ
រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងតែធ្វើការពិនិត្យលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ចំនួន ១២ គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១០៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤ ៤០០ កន្លែង។
គម្រោងទាំង ១៣ ខាងលើ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយលើកទី ៥ ក្នុងឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ដែលដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះផ្តោតទៅលើវិស័យកែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ផលិតអំពូលលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនី ផលិតអំពូលភ្លើងគ្រប់ប្រភេទ ផលិតគ្រឿងអេទ្បិចត្រូនិក និងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ ផលិតផលិតផលពីក្រដាស ផលិតឧបករណ៍បរិក្ខារពេទ្យ ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ និងការបន្ថែមមុខសញ្ញាបោកគក់ (សម្លៀកបំពាក់) វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គម្រោង (បង្កើតមន្ទីរពេទ្យនិងមន្ទីរពហុព្យាបាលជំងឺចំនួន ៨០ គ្រែ) និង វិស័យទេសចរណ៍ចំនួន ១ គម្រោង (បង្កើតរមណីយដ្ឋានចម្រុះ) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ស្ទឹងត្រែង និង ខេត្តព្រះសីហនុ៕