ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៧ លានដុល្លារ គាំទ្រគម្រោងទឹកស្អាតនិងការចុះបញ្ជីដីធ្លីនៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៧ លានដុល្លារអាម៉េរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ បានរៀបចំឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ១,៨៥ ប៊ីលានយ៉េន (ប្រមាណ ១៣,៣ លានដុល្លារអាម៉េរិក) សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងបន្ថែមក្នុងទំហំទឹកប្រាក់ចំនួន ៦០០ លានយ៉េន (ប្រមាណ ៤,៣២ លានដុល្លារអាម៉េរិក) សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេសកម្ពុជា។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចាត់ទុកហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះថា បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕