កម្ពុជាគ្រោងវិនិយោគទឹកប្រាក់ជិត ១ ប៊ីលានដុល្លារ អភិវឌ្ឍចំណតកំពង់ផែខេត្តព្រះសីហនុ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបានឱ្យដឹងថា កម្ពុជា​គ្រោង​វិនិយោគ​នូវទំហំ​ទឹកប្រាក់​ជិត ១ ប៊ីលាន​ដុល្លារអាម៉េរិក សម្រាប់​អភិវឌ្ឍ​ចំណត​កំពង់ផែ​ខេត្តព្រះសីហនុ ដើម្បី​ប្រែក្លាយ​ខេត្តនេះទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​នាពេល​ដ៏ខ្លីខាងមុខនេះ។

នៅក្នុង​ពិធីសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់អគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រះសីហនុ​ជាខេត្ត​នាំមុខ​នៃកំពង់ផែ​ទឹកជ្រៅ ខណៈកម្ពុជា​បានកំណត់​ជាគោលដៅ​ផែអាទិភាព​ធំ។ ខេត្តផ្សេងទៀត​ក៏យើង​ត្រូវតែ​អភិវឌ្ឍដែរ រួមមាន​ខេត្តកោះកុងនិងខេត្តកំពត ប៉ុន្តែសម្រាប់​សក្ដានុពល​និងការវិនិយោគ​ពីពេលនេះទៅដល់​ឆ្នាំ២០២៩ យើងគ្រោង​វិនិយោគ​នូវទំហំ​ទឹកប្រាក់ជិត ១ ប៊ីលាន​ដុល្លារ​បន្ថែម ខណៈ​ជំហាន​ទី ១ ចាយជាង ២០០ លាន​ដុល្លារ ដែលជា​ឥណទាន​ជប៉ុន។ នៅសល់ ២ ដំណាក់​ទៀតជាមួយ​ទំហំ​ទឹកប្រាក់​ជាង ៦០០ លានដុល្លារ ដែលកម្ពុជា​វិនិយោគ​ធំណាស់​នៅក្នុង​ខេត្តព្រះសីហនុ មិនត្រឹមតែ​ជាកំពង់ផែ​ទេ តែរៀបចំ​ជាតំបន់​ភស្តុភាកម្ម​នៃប្រព័ន្ធ​ឡូជីស្ទិក​តំបន់។

គម្រោង​កំពង់ផែ​សាងសង់​ទាំង ៣ ជំហាន នឹងប្រើប្រាស់​ថវិកាសរុប​ប្រមាណ ៩៧៣ លាន​ដុល្លារ ក្នុងនោះ​ឥណទាន​សម្បទាន​ពីរាជរដ្ឋាភិ​បាល​ជប៉ុន​មានចំនួនប្រមាណ ៧៦០ លាន​ដុល្លារ ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ពន្ធអាករ​ផ្សេងៗ​ចំនួន​ប្រមាណ ១៩២ លាន​ដុល្លារ និងថវិកា​ផ្ទាល់របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន​ប្រមាណ ២១ លាន​ដុល្លារ។

ការសាងសង់​ចំណត​កំពង់ផែ​ថ្មីដែល​ចំណាយ​​​ថវិកា​រហូតដល់​ទៅជិត ១ ប៊ីលាន​ដុល្លារនេះ គឺដើម្បី​ពង្រីក​សមត្ថភា​ព​​​ដឹក​ជញ្ជូន​​ទំនិញ​តាមផ្លូវសមុទ្រ​ឱ្យកាន់តែ​ខ្លាំងក្លាថែមទៀត ឆ្លើយតប​នឹងកំណើន​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​របស់​កម្ពុជា។ គម្រោងនេះ​នឹងប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ជាកំពង់ផែ​អន្តរជាតិ​ខ្នាតតូច ឱ្យទៅជា​កំពង់ផែ​​អន្តរជាតិ​​ខ្នាតធំ ដែលអនុញ្ញាត​ឱ្យនាវា​កុងតឺន័រ​ធុនធំមកពីគ្រប់​តំបន់​នៅក្នុង​ពិភពលោក​អាចចូល​ចតបាន ដោយពុំមាន​ឧបសគ្គ​លើជម្រៅទឹក​ទៀតឡើយ។ គម្រោង​ទាំងនេះ​នឹងផ្តល់​ផលចំណេញ​សេដ្ឋកិច្ច​ប្រមាណ ២៣.៣% និងផលប្រយោជន៍​ហិរញ្ញវត្ថុ​ប្រមាណ ៧.៧% ផងដែរ។

ចំពោះ​ចំណត​ផែកុងតឺន័រ​ជំហានទី ១ នៅពេល​ដាក់ឱ្យ​ដំណើរការ នឹងអនុញ្ញាត​​ឱ្យនា​វា​​ប្រមាណ ៩៣% ក្នុងតំបន់​ចូលចត​នៅកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​មានត្រឹមតែ ១៨% ប៉ុណ្ណោះ​អាចចូលចតបាន ហើយតម្លៃ​ដឹក​ជញ្ជូន​​តាម​សមុទ្រ​នឹងមាន​តម្លៃ​ប្រហាក់ប្រហែល​​ជាមួយ​បណ្តា​​ប្រទេស​​ក្នុងតំបន់​ផងដែរ។

រីឯ​ចំណត​ផែកុងតឺន័រ​ទឹកជ្រៅ​ជំហានទី ២ និង​ទី ៣ នឹងផ្តល់​លទ្ធភាព​បន្ថែម​សម្រាប់​ការនាំ​ទំនិញ​ចេញ-ចូល​​ដោយផ្ទាល់ ​ពីកម្ពុជា​ទៅកាន់​បណ្តា​កំពង់ផែ​ក្នុងតំបន់​អឺរ៉ុប​និងសហរដ្ឋអាម៉េរិក ដោយពុំចាំបាច់​ឆ្លងកាត់​​បណ្តា​កំពង់ផែ​ផ្សេងៗ​នៅក្នុង​តំបន់ទៀតឡើយ៕

你可能还喜欢