ក្រុមហ៊ុន Panasonic គ្រោងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា
ក្រុមហ៊ុនអេឡិចត្រូនិកលំដាប់ពិភពលោក Panasonic គ្រោងបង្កើតរោងចក្រនៅកម្ពុជា ដែលជាផែនការយុទ្ធសាស្រ្តពង្រីកខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីមានវត្តមាននៅក្នុងប្រទេសថៃ និងវៀតណាម។
ការលើកឡើងអំពីផែនការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជានេះ ធ្វើឡើងក្នុងជំនួបរវាងលោក Hisakazu Maeda នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia និង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍នៅទីស្តីការក្រសួងកាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនៃជំនួប លោក Hisakazu Maeda បានលើកឡើងពីគំនិតផ្តួចផ្តើមនានារបស់ក្រុមហ៊ុននៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១០ មក ដោយមានបេសកកម្មបម្រើតម្រូវការឧបករណ៍អេឡិចត្រូនិកនៅទូទាំងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ពិសេសក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM)។
លោកក៏បានពិភាក្សាអំពីឱកាសដើម្បីលើកកម្ពស់យុត្តិធម៌ពាណិជ្ជកម្ម ដោយក្រុមហ៊ុនបានអនុវត្តការចុះបញ្ជីផលិតផលរបស់ខ្លួន ជាមួយវិទ្យាស្ថានស្តង់ដាកម្ពុជា (ISC) ព្រមទាំងបំណងប្រាថ្នារបស់លោកក្នុងការបង្កើតរោងចក្រ Panasonic នៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុន Panasonic មានរោងចក្រចំនួន ១៥ នៅក្នុងប្រទេសថៃ និងមានរោងចក្រចំនួន ៤ នៅក្នុងប្រទេសវៀតណាម។
ជាការឆ្លើយតប លោក ហែម វណ្ណឌី បានទទួលស្គាល់អំពីភាពជោគជ័យរបស់ក្រុមហ៊ុន ដែលទទួលបានចំណែកទីផ្សារកម្ពុជាប្រមាណ ៦០% សម្រាប់ផលិតផលភ្ជាប់ នឹងជញ្ជាំង។ លោកបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនសិក្សាតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បោះទីតាំងរោងចក្រនាពេលអនាគត ខណៈពីពេលនេះដល់ឆ្នាំ២០២៩ ដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច ពេលនោះតម្រូវការឧបករណ៍អេឡិចត្រូនិក នឹងមានការកើនឡើងផងដែរ។
លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ចូលរួមលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ និងផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ទៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដោយមានក្រសួងត្រៀមខ្លួនគាំទ្រផែនការទាក់ទាញការវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត៕