អគារជាប់គាំង ១២៣ គម្រោងក្នុងខេត្តព្រះសីហនុបន្តដំណើរការឡើងវិញ

គម្រោង​វិនិយោគ​ចំនួន ២៨៨ គម្រោង​ទទួលបាន​ការលើកទឹកចិត្ត​ពិសេស​​ពីរាជ​រដ្ឋា​ភិបាល។ ក្នុងនោះ គិតត្រឹម​ខែមីនា ឆ្នាំ២០២៥ មានអគារ​ជាប់គាំង​ចំនួន ១២៣ គម្រោង​នឹងបន្ត​ការសាង​សង់​ឡើង​វិញ ដែលគិត​ជា​​ថវិកា ៦,៧ ប៊ីលាន​ដុល្លារអាម៉េរិក។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា បានមាន​ប្រសាសន៍ថា មកដល់ពេលនេះ ​ខេត្តព្រះសីហនុ​មាន ២៨៨ គម្រោង​ដែលបាន​ដាក់លើកទឹកចិត្ត ២៦៩ គម្រោង​បានផ្ដល់​​គោល​ការណ៍​ដើម្បី​ដោះស្រាយ ក្នុងនោះមាន ១២៣ គម្រោង​ត្រូវបាន​រំដោះ គិតជា​ថវិកា ៦,៧ ប៊ីលានដុល្លារ។

សម្ដេចធិបតី ហ៊ុន ម៉ា​ណែត បានបញ្ជាក់ថា កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ នឹងបន្ត​រហូតដល់​ដំណាច់​ឆ្នាំ២០២៥ ខណៈ​រាជរដ្ឋាភិបាល​ទើបតែ​បានអនុម័ត​ផែន​ការមេ​អភិ​វឌ្ឍ​​តំបន់​សមុទ្រ ដោយយក​ខេត្តព្រះសីហនុ​ជាគោល។

កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​​កាល​ពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។ យោងតាម​របាយការណ៍​របស់​រាជរដ្ឋាភិបាល ករណី​អគារ​ជាប់គាំង​នៅក្នុង​ខេត្តព្រះសីហនុ មានអគារ​ផ្អាកដំណើរការ​សាងសង់​ចំនួន ៣៦២ អគារ ដែលត្រូវការ​ទុនវិនិយោគ​បន្ថែម​ប្រមាណ ១,១៦ ប៊ីលាន​ដុល្លារដើម្បី​បញ្ចប់​ការសាងសង់ និងអគារ​សាងសង់រួច​ប៉ុន្តែ​មិនដំណើរ​ការ​មានចំនួន ១៧៦ អគារ៕

你可能还喜欢