ទេសាភិបាលធនាគារជាតិ ជា សិរី ធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សានៃវេទិកា ប៉អាវ សម្រាប់អាស៊ីនៅប្រទេសចិន

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា បានចូលរួម​ធ្វើជាវាគ្មិន​កិត្តិយស​ក្នុងកិច្ចពិភាក្សា​ក្រោមប្រធានបទ​ស្តីពី “កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ឆ្លងដែន​តាមប្រព័ន្ធ​អេឡិចត្រូនិក” ក្នុងឱកាស​នៃការចូលរួម​ក្នុងវេទិកា ប៉អាវ សម្រាប់​អាស៊ី (Boao Forum for Asia) ប្រចាំ​ឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តហៃណាន (Hainan) សាធារណរដ្ឋ​ប្រជាមានិតចិន។

តាមរយៈ​កិច្ចពិភាក្សានេះ លោកស្រី ជា សិរី បានវាយតម្លៃខ្ពស់​ចំពោះ​ការតភ្ជាប់​ប្រព័ន្ធទូទាត់​រវាង​កម្ពុជា​និងចិន ព្រមទាំង​បានលើកទ្បើង​ពីតួនាទី​ចាំបាច់​របស់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​នៅក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ឆ្លងដែន និងបានរំលេច​ពីបទពិសោធន៍​របស់​ធនាគារជាតិ​នៃកម្ពុជា ក្នុងការ​ខិតខំ​ពង្រីកការទូទាត់ឆ្លងដែន​តាមរយៈ​ប្រព័ន្ធ​បាគង ទៅតាមបណ្តា​ប្រទេស​ជាដៃគូ​ពាណិជ្ជ​កម្ម​របស់កម្ពុជា។

លោកស្រីក៏បាន​ផ្តល់នូវ​ទស្សនាទាន​ថ្មីៗបន្ថែមទៀត ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេទ្បិចត្រូនិក ដែលក្នុងនោះរួមមាន៖ (១) ការគិតគូរ​នូវគោលនយោបាយ​គាំទ្រ​លើកទឹកចិត្ត​ដល់សហគ្រាស​ធុនតូច​និងមធ្យម​ក្នុងស្រុក ក្នុងការ​បង្កើន​សមត្ថភាព​និងគុណភាព​ផលិតផល​សម្រាប់​ទីផ្សារ​ឆ្លងដែន។ (២) ការរៀបចំ​ឱ្យកាន់តែ​មានប្រសិទ្ធភាព​ចំពោះ​យន្តការ​ទ្បូជីស្ទីក ប្រព័ន្ធ​ពន្ធគយ និង ការស្វែងរក​ទីផ្សារ​ជាដើម។ (៣) ការពង្រីក​ប្រព័ន្ធ​ទូទាត់​ដោយផ្ទាល់​រវាង​អ្នកនាំចេញ​និងនាំចូល​ផលិតផល​ឆ្លងដែន ដើម្បី​ពន្លឿន​និងធ្វើឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ក្នុងការទូទាត់។

វេទិកា ប៉អាវ សម្រាប់​អាស៊ី​ប្រចាំឆ្នាំ២០២៥ ប្រារព្ធឡើង​ចាប់ពី​ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តហៃណាន ប្រទេសចិន៕

你可能还喜欢