អគ្គកុងស៊ុលកិត្តិយស ៨ ប្រទេសវាយតម្លៃខ្ពស់ ចំពោះសុវត្ថិភាពនៅកម្ពុជាសម្រាប់ភ្ញៀវទេសចរ
អគ្គកុងស៊ុលកិត្តិយសចំនួន ៨ ប្រទេស បានវាយតម្លៃខ្ពស់អំពីកត្តាសុខសន្តិភាពនៅកម្ពុជា និងសុវត្ថិភាពល្អប្រសើរសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្ពុជា។
អគ្គកុងស៊ុលកិត្តិយសទាំង ៨ ប្រទេសបានលើកឡើងអំពីសុខសុវត្ថិភាពកម្ពុជា ក្នុងជំនួបពិភក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសទាំង ៨ រួមទាំងបញ្ហាប្រឈម ផលិតផលទេសចរណ៍ថ្មីៗ និង ការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រលើវិស័យទេសចរណ៍។
អគ្គកុងស៊ុលកិត្តិយសចំនួន ៨ រូបរួមមាន លោក Salah ESSA កុងស៊ុលកិត្តិយសប្រទេសស៊ីប លោក Markus GRINDLING កុងស៊ុលកិត្តិយសប្រទេសអូទ្រីស លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី លោក Torsten MUNTHER កុងស៊ុលកិត្តិយសប្រទេសអាល្លឺម៉ង់ លោកស្រី SENG Takakneary កុងស៊ុលកិត្តិយសប្រទេសម៉ិចស៊ីកូ លោក Gerhard Jan Lennips កុងស៊ុលកិត្តិយសប្រទេសហូឡង់ លោកស្រី KIM Tol Tan កុងស៊ុលកិត្តិយសប្រទេសស៊ុយអែត និងលោក Andrew J. Booth Obe កុងស៊ុលកិត្តិយសប្រទេសអង់គ្លេស។
កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦,៧ លាននាក់ក្នុងឆ្នាំ២០២៤ កើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទទួលបានចំណូលសរុបជាង ៣,៦៣ ប៊ីលានដុល្លារអាម៉េរិក កើនជាង ១៧%។ ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ឡាវជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% អាម៉េរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦% និង ភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗទៀត។
ក្រសួងទេចរណ៍បានធ្វើការព្យាករណ៍ថា កម្ពុជានឹងស្វាគមន៍ភ្ញៀវទេសចរអន្តជាតិ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង ៥ ប៊ីលានដុល្លារ៕