បងប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាពក្នុងជន្មាយុ ៧៨ ឆ្នាំ

បងប្រុសច្បង​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព​នៅវេលាម៉ោង ២ និង ២៧ នាទី​រំលង​អធ្រាត្រ ដោយរោគាពាធ​ក្នុងជន្មាយុ ៧៨ ឆ្នាំ។

ដំណឹង​មរណភាព​របស់លោក ហ៊ុន សាន ត្រូវបាន​បង្ហាញ​ឱ្យដឹង​ជាសាធារណៈ​ដោយសម្ដេចតេជោ ហ៊ុន សែន លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ នាវេលា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

សម្ដេចតេជោ​បានសរសេរ​លើទំព័រហ្វេសប៊ុកផ្លូវការថា៖ សង្ខារ​មិនទៀង តែការស្លាប់​គឺទៀង បងប្រុសខ្ញុំ​បានលាចាកលោក​នេះទៅហើយ បើទោះមិនចង់​ទទួល​ក៏ត្រូវតែ​ទទួលយក​ការពិតនេះដែរ។ បើទោះបី​ខ្ញុំជាប្អូន តែខ្ញុំជា​មេគ្រួសារ​មួយនេះ។ ខ្ញុំនិងភរិយា រួមជាមួយ​កូនៗ​និងបងប្អូន បានខិតខំ​អស់លទ្ធភាព​ដើម្បី​ព្យាបាល​បងទីមួយ។

សពរបស់លោក ហ៊ុន សាន នឹងដង្ហែ​ទៅបញ្ចុះ​នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៧ និង ១១ នាទីព្រឹក។

លោក ហ៊ុន សាន ត្រូវបាន​ព្រះមហាក្សត្រ​ប្រោសព្រះរាជទាន​គោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ» កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣៕

你可能还喜欢