កម្ពុជាមិនមានកន្លែងណាមួយកើតមានបញ្ហារញ្ជួយដីដូចនៅប្រទេសថៃ និងមីយ៉ាន់ម៉ានោះទេ

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា លោក សុទ្ធ គឹម​កុល​មុន្នី បានថ្លែង​​នៅ​ព្រឹក​ថ្ងៃទី​២៩ ​មីនា ឆ្នាំ២០២៥ ​នេះ​ថា​ គិតត្រឹមបច្ចុប្បន្ន កម្ពុជា​​មិនមាន​​កន្លែង​ណាមួយ​​ដែល​កើតមាន​​បញ្ហា​​រញ្ជួយ​ដី​​ដូច​នៅ​​ប្រទេស​ថៃ ​មីយ៉ាន់ម៉ា និង ​បណ្តា​​ប្រទេស​មួយចំនួនទៀត​នោះទេ។

លោក សុទ្ធ គឹម​កុល​មុន្នី បានលើកឡើងថា សម្រាប់​ស្ថានភាព​គ្រោះ​រញ្ជួយ​ដី​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​ ២០២៥ ម្សិលមិញនេះ សម្រាប់​កម្ពុជាគឺមិន​មាន​កន្លែង​ដែល​កើតមាន​បញ្ហា​រញ្ជួយ​ដី​ឡើយ។ ចំពោះ​​បុគ្គលិក​ធនាគារ​មួយ​ចំនួន​ធ្វើការ​នៅតាម​អគារ​ខ្ពស់ៗ​ខ្លះ ​ដោយសារ​ភ័យខ្លាច ទើបបាន​ផ្អើល​ចុះចេញពី​អគារធនាគារ​ ដើម្បី​​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយសារ​ទទួលបាន​ព័ត៌មាន​ថា​មាន​រញ្ជួយ​ដី និង​មាន​អារម្មណ៍​ថា​មានការ​រង្គើ​អគារ ក្រោយ​ករណី​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃនិង​មីយ៉ាន់ម៉ា។ ប៉ុន្តែ​នៅពេល​រសៀល​ថ្ងៃដដែល បុគ្គលិក​​ក៏បាន​ចូល​ធ្វើការ​ធម្មតា​វិញ ធនាគារ​ខ្លះ​ដល់​ម៉ោង​ចេញ​ក៏​ទៅ​ផ្ទះ​តែម្ដង។

លោក​បាន​បន្ថែម​ថា ក្រុមការងារ​ជំនាញ​បាន​ចុះ​ប្រមូល​ព័ត៌មាន​បន្ថែម ដើម្បី​វាយតម្លៃ​អំពី​ស្ថានភាព​ដែល​បាន​កើតឡើង​និងផល​ប៉ះពាល់។ ប៉ុន្តែជាក់ស្ដែង​អត់​មាន​ឃើញ​សញ្ញា​​រង្គើញ័រ​នៅ​រាជធានី​ភ្នំពេញ​ទេ។ លោក​​បញ្ជាក់ថា ជារួម​សម្រាប់​កម្ពុជាអត់​ទាន់​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ហើយ​មកដល់​ពេល​ល្ងាច​ដដែល ​សភាពការណ៍​បាន​វិល​មករក​ជាធម្មតា​វិញ​ហើយ។

ចំណែកលោក កត្តា អ៊ន រដ្ឋលេខាធិការ​​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា​នេះដែរ​ថា ​គិត​ត្រឹម​ម៉ោង​នេះ ​ពុំទាន់​មាន​ព័ត៌មាន​ថាមាន​ពលករ​ខ្មែរ​រងគ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេសថៃ​នៅឡើយ​ទេ​។​ ចំណែក​ស្ថានទូត​កម្ពុជា​និង​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ កំពុង​តាមដាន​នៅ​ទីកន្លែង​កើតហេតុ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។

ការរញ្ជួយ​ដី​កម្រិត ៧,៧ ​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ចំ​កណ្តាល​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី២៨​ ខែមីនា ​ឆ្នាំ២០២៥ ដែល​បណ្តាល​ឱ្យ​មានការ​បាត់បង់​អាយុជីវិត​មនុស្ស​យ៉ាងច្រើន និង​ការ​បំផ្លិចបំផ្លាញ​ដ៏​សម្បើម​។ ក្រៅតែពី​មី​យ៉ាន់​ម៉ា គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មិន​ធ្លាប់មាន​នេះ ក៏​បណ្តាល​ឱ្យមាន​ផល​ប៉ះពាល់​នៅក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ជាច្រើន​ផងដែរ ដូចជា ថៃវៀតណាម ឡាវ និង​ បង់​ក្លា​ដែ​ស ដោយឡែកក៏មានប្រទេសចិនផងដែរ​។​ ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ តួលេខ​អ្នកស្លាប់​បាន​លោត​ឡើងដល់​ ៦៩៤ ​នាក់​ ស្លាប់ និង​របួស​ ១ ៦៧០​ នាក់​ នៅ​មី​យ៉ាន់​ម៉ា​។​ ចំណែក​នៅ​ប្រទេស​ថៃ​ គិត​ត្រឹម​ម៉ោង​ ៥​ ល្ងាច ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ​២០២៥​ សមត្ថកិច្ច​ថៃ​បាន​រកឃើញ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ចំនួន​ ៥០​ នាក់ ស្លាប់ ​៣ ​នាក់​ ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​បន្ត៕

你可能还喜欢