ជនសង្ស័យដែលប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
ជនសង្ស័យដែលស្ទាក់ប្លន់រថយន្ត ១ គ្រឿងលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌព្រែកព្នៅ រាជធានីភ្នពេញ ហើយត្រូវបានបញ្ជូនឱ្យសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល។
កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលបានអះអាងថា ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿននាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៥ នេះ ត្រូវបានឃាត់ខ្លួនហើយ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យពេលប្លន់រថយន្តពីផ្លូវល្បឿនលឿនហើយនោះ បានយករថយន្តទៅប្លុងចោលនៅខណ្ឌកំបូល បន្ទាប់មកធ្វើសកម្មភាពប្លន់រថយន្ត ១ គ្រឿងទៀត ហើយជិះគេចខ្លួន។ ពេលជនសង្ស័យជិះដល់ខណ្ឌព្រែកព្នៅ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហើយប្រគល់ខ្លួនជូនសមត្ថកិច្ចស្រុកអង្គស្នួល។
សមត្ថកិច្ចបានគូសបញ្ជាក់ថា ករណីប្លន់រថយន្តខាងលើនេះ ផ្ដើមចេញពីករណីឆក់ ដែលបង្កដោយជនល្មើស ២ នាក់ ហើយពេលនគរបាលដេញចាប់ ជនសង្ស័យបានរត់ទៅភ្ជង់ឡានជនរងគ្រោះទី ១ ដែលកំពុងធ្វើដំណើរតាមផ្លូវ រួចយករថយន្តនេះទៅប្លុងចោល ហើយទៅភ្ជង់រថយន្តទី ២ របស់អ្នកដំណើររហូតឡើងផ្លូវល្បឿនលឿន តែចុងក្រោយត្រូវនគរបាលតាមចាប់បានម្នាក់ ចំណែកម្នាក់ទៀតកំពុងគេចខ្លួន៕