ហ៊ុន ម៉ាណែត៖ សុខទុក្ខប្រជាពលរដ្ឋខ្មែរដែលរស់នៅឬធ្វើការ នៅមីយ៉ាន់ម៉ានិងថៃ ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារចូលរួមនូវការសោកស្តាយជាមួយប្រទេសមីយ៉ាន់ម៉ានិងថៃ ដែលបានជួបឧបទ្ទវហេតុគ្រោះរញ្ជួយដី។ ទន្ទឹមនឹងនេះ សម្តេចបានចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឬបម្រើការងារនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈសារលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ ជាដំបូង ខ្ញុំសូមចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅថៃនិងមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
សម្តេចធិបតីថ្លែងថា ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃនិងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាននិងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ។
សម្តេចបានសង្កត់ធ្ងន់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ានិងថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដី ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទាំងពីរនិងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។
សម្តេចបានអំពាវនាចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃនិងមីយ៉ាន់ម៉ា ដែលមានតម្រូវការឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសនីមួយៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋគ្រប់សញ្ជាតិ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃនិងមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តីសុខនិងរួចផុតពីគ្រោះថ្នាក់ទាំងឡាយ៕