នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យស្ថាប័នរដ្ឋពិនិត្យនិងកំណត់មុខងារឡើងវិញ ជាមួយតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យក្រសួងស្ថាប័នចំណុះអង្គនីតិប្រតិបត្តិទាំងអស់ (លើកលែងតែក្រសួងការពារជាតិ និងអង្គភាពទទួលបន្ទុកសន្ដិសុខសណ្ឋាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ) ត្រូវពិនិត្យឡើងវិញក្នុងការកំណត់និងអនុវត្តមុខងារ ក្នុងករណីមិនដាច់ស្រេច ក្រសួងមុខងារសាធារណៈត្រូវលើកបញ្ហាទៅឱ្យរាជរដ្ឋាភិបាលសម្រេច។
ក្នុងសារាចរចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងស្ថាប័នដែលស្ថិតក្រោមបញ្ជានាយករដ្ឋមន្ត្រីទាំងអស់ កំណត់ឡើងវិញនូវមុខងារស្នូលនិងមុខងាររងនៃមុខងារស្នូល ពិនិត្យលើក្របខណ្ឌការងារ គាំទ្រដល់ការអនុវត្តមុខងារ តាមដាន និង វាយតម្លៃការអនុវត្ត ត្រូវរៀបចំរចនាសម្ព័ន្ធផ្អែកលើមុខងារស្នូលនិងមុខងាររងស្នូល ដោយប្រើប្រាស់ធនធាននិងថវិកាឱ្យអស់ពីលទ្ធភាពនិងគណនេយ្យភាព។
សម្ដេចបានបញ្ជាឱ្យក្រសួងមុខងារសាធារណៈផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័ន ក្នុងការកំណត់និងអនុវត្តមុខងារនិងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរផងដែរ។ ការរៀបចំឡើងវិញនេះ គឺផ្អែកលើស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ដើម្បីធានាការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នឱ្យមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ព្រមទាំងផ្ដល់ការគាំទ្រសម្របសម្រួលនានា ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល ដែលសម្ដេចបានបញ្ជាឱ្យពិនិត្យមើលឡើងវិញ។
ក្រសួងស្ថាប័នត្រូវទទួលខុសត្រូវនិងមានគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាលលើសមិទ្ធកម្មក្នុងការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ខ្លួន។ ក្រសួង ស្ថាប័នត្រូវតាមដាន ត្រួតពិនិត្យ និង វាយតម្លៃវឌ្ឍនភាពការងាររបស់ខ្លួន និងសមិទ្ធកម្មសម្រេចបាន ធៀបនឹងសូចនាករសមិទ្ធកម្មកំណត់ដោយរាជរដ្ឋាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើបែបនេះក៏ដើម្បីជួយដល់ក្រសួង ស្ថាប័ន និង រាជរដ្ឋាភិបាល ក្នុងការពិនិត្យនិងកំណត់ការបែងចែក និងការប្រើប្រាស់ធនធានមនុស្សនិងថវិកា ព្រមទាំងការរៀបចំយន្តការការងារឱ្យបានសមស្រប ដើម្បីលើកកម្ពស់លទ្ធផលការងារឱ្យកាន់តែប្រសើរ៕