រដ្ឋបាលភ្នំពេញនឹងរៀបចំសង្រ្កាន្តវត្តភ្នំ ភ្ជាប់ជាមួយផ្លូវថ្មើរជើងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងរៀបចំ​ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» រយៈពេល ៣ ថ្ងៃ និងបើកផ្លូវថ្មើរជើង​រយៈពេល ៥ ថ្ងៃ ដើម្បី​ស្វាគមន៍​និងអបអរ​ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ និងបង្កើត​ភាពរីករាយ​ដល់ប្រជាពលរដ្ឋ ជាពិសេស​aសម្រាប់​ប្រជាពលរដ្ឋ​ដែល​មិនបាន​​ចាក​ចេញ​ពី​ភ្នំពេញ​​នាអំឡុងពេល​បុណ្យចូលឆ្នាំថ្មីនេះ។

​សង្ក្រាន្ត​​វត្តភ្នំ​​ឆ្នាំ២០២៥ ចាប់ផ្តើម​ពី​ថ្ងៃទី១៤-១៦ ខែមេសា ​នៅ​រមណីយដ្ឋាន​វត្តភ្នំ ហើយផ្លូវថ្មើរជើង​នឹងបើក​ចាប់ពីថ្ងៃទី១២-១៦ ខែមេសា។

ព្រឹត្តិការណ៍​សង្រ្កាន្ត​ឆ្នាំនេះ នឹងមាន​កម្មវិធី​វប្បធម៌ ប្រពៃណីជាច្រើន រួមមាន​របាំប្រពៃណី ការសម្តែង​សិល្បៈ​របាំត្រុដិ ល្បែងប្រជាប្រិយ​ផ្សេងៗ ការតាំងបង្ហាញ​គំនូរសិល្បៈ ការប្រគំតន្រ្តី​បុរាណ-សម័យ និង ការរាំកម្សាន្ត។

ខណៈដែល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរខិតជិតឈានមកដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​​រៀបចំ​តុបតែង សណ្តាប់ធ្នាប់ សុខសុវត្ថិភាព និង សន្តិសុខ ដើម្បី​ត្រៀមទាក់ចិត្ត​ទេសចរ​និង​ប្រជាពលរដ្ឋ​​ចូលរួម​​កម្សាន្ត​ ព្រមទាំង​លើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​ឱ្យស្លៀកសម្លៀកបំពាក់​ប្រពៃណីខ្មែរ​ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ»  ដើម្បីរួមគ្នា​លើកស្ទួយ​វប្បធម៌​ប្រពៃណីជាតិ និងចូលរួម​​លេងល្បែង​​ប្រជាប្រិយខ្មែរ ជា​ការ​លើក​តម្កើង​វប្បធម៌ ប្រពៃ​ណីខ្មែរផងដែរ។

ក្រៅពី​រមណីយដ្ឋាន​វត្តភ្នំ នៅតាម​បណ្តាខេត្ត​មួយចំនួន​ក៏បានប្រកាស​រៀបចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​នាអំឡុងពេល​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរផងដែរ ដូចជាខេត្តសៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង  កំពត  កែប  ព្រះសីហនុ កំពង់ធំ បាត់ដំបង កោះកុង កំពង់ចាម និង ខេត្តក្រចេះជាដើម៕

你可能还喜欢