តារាចម្រៀងចិន Jay Chou នឹងបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្ត្រីខ្នាតយក្សនៅកម្ពុជា

ក្រសួង​ទេសចរណ៍​កម្ពុជា​បានឱ្យដឹងថា តារាចម្រៀង​ល្បីឈ្មោះ​លំដាប់​ពិភពលោក លោក Jay Chou នឹងបង្ហាញ​វត្តមាន​ក្នុងកម្មវិធី​ប្រគំ​តន្ត្រី​ខ្នាតយក្ស​នៅប្រទេស​កម្ពុជា។

ក្រសួង​ទេសចរណ៍​បានឱ្យដឹង​នាក្នុងជំនួប​សម្តែង​ការគួរសម​និងពិភាក្សា​ការងារ​រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា ជាមួយលោក អ៊ុន អ៊ុយ (Wen Wei) អគ្គលេខាធិការង​សមាគមន៍​វប្បធម៌​ទេសចរណ៍​រដ្ឋធានី​ប៉េកាំង​នៃសាធារណរដ្ឋ​ប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងឱកាស​នៃជំនួប លោក ហួត ហាក់ និងលោក អ៊ុន អ៊ុយ បានពិភាក្សា​ទាក់ទង​នឹងកិច្ចសហប្រតិបត្តិការ​ជំរុញ​លើការ​ផ្លាស់ប្តូរ​បទពិសោធន៍ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​និងទីក្រុង​ប៉េកាំង និងការបង្កើត​ផលិតផល​ទេសចវប្បធម៌​ច្នៃប្រឌិត​ដល់ការ​បង្កើត​មជ្ឈមណ្ឌល AR/VR នូវប្រវត្តិ​ប្រាសាទ​អង្គរវត្ត ការបង្កើត​នូវភូមិវប្បធម៌​អរូបី​កម្ពុជា-ចិន ដោយបង្តើតការធ្វើផលិតផល​អរូបីដោយដៃ​របស់​ប្រទេសចិន​មកធ្វើការ​ដាក់តាំងនៅកម្ពុជា។

ភាគីទាំងពីរ​ក៏បានលើកឡើង​អំពី​​ការបើកឡើងវិញនូវកម្មវិធី Smile of Angkor Show សៀមរាប និងការពង្រីក​នូវការលក់សំបុត្រ Smile of Angkor Show តាមប្រព័ន្ធ Online។ អ្វីដែលកាន់តែ​ពិសេសនោះ គឺការរៀបចំការប្រគំតន្ត្រី​ខ្នាតយក្ស​របស់​តារាចម្រៀង​ចិន លោក Jay Chou នៅក្នុង​ប្រទេស​កម្ពុជា​នាពេលខាងមុខនេះ៕

你可能还喜欢