កម្ពុជានឹងផ្ដល់ជំនួយ ១០ ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងរងគ្រោះដោយសាររញ្ជួយដី

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន បានបើកកិច្ចប្រជុំ​ពិសេស​បន្ទាន់មួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បានប្រកាសថា កម្ពុជា​នឹងផ្ដល់​ជំនួយ​ជាទឹកប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារអាម៉េរិក​ដល់​ប្រទេស​មីយ៉ាន់ម៉ា ដែល​រងគ្រោះ​ដោយសារ​រញ្ជួយដី ​កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

មីយ៉ាន់ម៉ា​ដែលរងគ្រោះ​ដោយសារ​គ្រោះរញ្ជួយដី​ធ្ងន់ធ្ងរ​នេះ កំពុងតែ​ដង្ហោយ​រកជំនួយ​ពីបរទេសដើម្បីជួយ​ពលរដ្ឋ​រងគ្រោះ។ អាស៊ាន​និងប្រទេស​ជុំវិញ​ពិភពលោក មានដូចជា​ចិន រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង​ជាដើម សុទ្ធតែ​បានបញ្ជូន​ក្រុមជួយ​សង្រ្គោះ​ទៅកាន់​តំបន់​រងគ្រោះ និងផ្ដល់​ជំនួយ​បន្ទាន់ មានដូចជា​តង់ ថ្នាំពេទ្យ និង អាហារ។

មេដឹកនាំ​កម្ពុជា​ក៏បាន​ផ្ញើសារ​រំលែកទុក្ខចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​និងថៃ​ ដែលបានរងគ្រោះ​ដោយសារ​ការរញ្ជួយដី​នៅថ្ងៃទី២៨ ខែមីនា ឆ្នា២០២៥។ កម្ពុជា​ត្រៀមចូលរួម​បន្ថែម​សម្រាប់​ការផ្តល់ជំនួយ​ ដូចជា​ឱសថ​និងសម្ភារៈ​ចាំបាច់​ផ្សេងទៀត​ផងដែរ។

បើតាម​ក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ មិនទាន់​មានរបាយការណ៍​ករណី​បាត់បង់​ជីវិត​របស់​ប្រជាជន​កម្ពុជា​ក្នុងហេតុការណ៍​គ្រោះរញ្ជួយដី​នៅប្រទេស​មីយ៉ាន់ម៉ា​និងថៃនៅឡើយទេ៕

你可能还喜欢