ក្រសួងទេសចរណ៍ស្នើអាជីវករពង្រឹងគុណភាព និងរក្សាតម្លៃផលិតផល ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្រសួង​ទេសចរណ៍​កម្ពុជា​បានចេញ​សេចក្តីប្រកាស ស្នើឱ្យ​អាជីវករ​និងប្រតិបត្តិករ​ទេសចរណ៍​ទូទាំង​ប្រទេស ពង្រឹង​គុណភាព​ផលិតផល ទាំងអនាម័យ សេវាកម្ម ព្រមទាំង​កំណត់​តម្លៃ​លើផលិតផល​នីមួយៗ​ឱ្យបានត្រឹមត្រូវ ដើម្បី​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ សណ្តាប់ធ្នាប់​សាធារណៈ និង រៀបចំ​គ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ​នាអំឡុងពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរខាងមុខនេះ។

ក្រសួង​ទេសចរណ៍​​បានណែនាំ​ដល់មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ឱ្យអនុវត្ត​នៅតាមទីតាំង​គោលដៅ​ទេសចរណ៍​នីមួយៗ ហើយឱ្យ​អាជីវករ​ និងប្រតិបត្តិករ​ទេសចរណ៍ សហការ​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និង រក្សា​តម្លៃ​ផលិតផល​និងសេវាកម្ម​ឱ្យបាន​សមរម្យ។ ជាមួយគ្នានេះ ការកំណត់​តម្លៃ​ស្នាក់នៅ ម្ហូបអាហារ និង សេវាកម្ម​ផ្សេងៗ ត្រូវសរសេរ​ឱ្យបាន​ច្បាស់ដាក់ក្នុងតារាង ដើម្បី​ឱ្យភ្ញៀវ​បានដឹង​ជាមុន ជៀសវាង​ការកំណត់​ថ្លៃខ្ពស់​ហួសហេតុ។ ក្នុងនោះ គ្រប់ទីតាំង​អាជីវកម្ម​ទាំងអស់​ត្រូវរៀបចំ​តុបតែង​លម្អ និងបង្ហាញ​ពីលក្ខណៈ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ជាតិខ្មែរ និងមានបំពាក់​ភ្លើងបំភ្លឺ​នៅពេលយប់ ដោយមិនត្រូវ​បង្កការ​ប៉ះពាល់​ដោយរូបភាព​ណាមួយ​ដល់សណ្តាប់ធ្នាប់​សាធារណៈឡើយ។

ក្រសួង​ទេសចរណ៍​សង្ឃឹមថា អាជីវកម្ម​ទេសចរណ៍​នានា​ នឹងរក្សា​ស្ថិរភាព​អាជីវកម្ម និងធានា​សុវត្ថិភាព​ជូនដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ។ ក្រសួង​ទេសចរណ៍​ក៏ជំរុញ​ការអនុវត្ត​ខ្លឹមសារ​សារាចរ​ណែនាំ​នេះ ឱ្យបាន​ទូលំទូលាយ​និងគ្រប់រូបភាព​ទៅដល់​ប្រតិបត្តិករ​ទេសចរណ៍ និងត្រូវធ្វើ​របាយការណ៍​បូកសរុប​ស្ថិតិ​គោលដៅ​ទេសចរណ៍​នានា​ឱ្យបាន​ទាន់ពេលវេលា។

ពិធិបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់​នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ហើយកម្ពុជា​ក៏បាននឹងរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដើម្បី​ស្វាគមន៍​និងអបអរ​បុណ្យចូលឆ្នាំថ្មី​នេះផងដែរ៕

你可能还喜欢