កម្ពុជា នឹងបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំចរចាជាមួយអាម៉េរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល ដែលអាម៉េរិកដាក់ចេញជាមួយកម្ពុជា នាពេលថ្មីៗនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធគយ រដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំដោះស្រាយភ្លាមៗជាជំហានៗ នៅក្នុងជួររដ្ឋាភិបាល មុននឹងបញ្ជូនលិខិតមួយចំពោះមុខ ទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ។
សម្តេចធិបតី បានថ្លែងថា កម្ពុជា មិនដែលដាក់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក រហូតដល់៩៧%នោះទេ ផ្ទុយទៅវិញ ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក កម្ពុជា ខ្ពស់បំផុតត្រឹម៣៥% ខណៈដែលជាមធ្យម មានត្រឹម២៩.៤% ប៉ុណ្ណោះ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់រយៈពេល៤១ម៉ោង និងដាក់ផែនការអនុវត្តត្រឹម ៣៧ម៉ោង ដើម្បីបញ្ចប់កិច្ចការចំពោះមុខ ដោយបានផ្ញើលិខិតមួយទៅរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្ទុយពីការលើកឡើង របស់ក្រុមប្រឆាំងមួយចំនួន ដែលចោទរដ្ឋាភិបាលកម្ពុជា មិនមានចំណាត់ការភ្លាមៗ លើបញ្ហាខាងលើនេះ ខណៈដែលសម្តេចធិបតីថា កិច្ចការខ្លះ មិនចាំបាច់បង្ហោះផ្សព្វផ្សាយនោះទេ តែត្រូវអនុវត្តភ្លាមៗទៅតែម្តង ។
ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំក្រុមការងារ ជាជំហាន២រួចទៅហើយ ដោយត្រៀមលក្ខណៈប្រគល់ភារកិច្ច ឱ្យក្រុមការងារមួយ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ជាឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចម និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បើចាំបាច់ត្រៀមចេញដំណើរទៅសហរដ្ឋអាមេរិក ធ្វើការចរចា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កម្ពុជា ត្រៀមឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដើម្បីដឹកនាំចរចានេះ ព្រោះវាជាការឱ្យតម្លៃខ្ពស់ នៅក្នុងការចរចាដើម្បីផលប្រយោជន៍ជាតិ ។ ការចាត់តាំងមន្ត្រីចូលចរចាគឺស្មើនឹងការឱ្យតម្លៃ ថាតើសំខាន់ប៉ុណ្ណា បើយើងមិនឱ្យតម្លៃ យើងត្រឹមចាត់តាំងប្រធានយកដ្ឋានមួយក៏បានដែរ ឬមួយអនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ តែនេះយើងចាត់ដល់ឧបនាយករដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាល ក្រៅពីនាយករដ្ឋមន្ត្រី អស់ពីណាធំជាងឧបនាយករដ្ឋមន្ត្រីហើយ»៕
(AKP )