អភិបាលខេត្តកណ្ដាល ជំរុញមន្ត្រី ពង្រឹងសមត្ថភាពបច្ចេកវិទ្យា បម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ

ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ពិសេសការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃសម័យកាល និងបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនសិរីសួស្ដី និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងនិវត្តន៍ជន សរុបប្រមាណ ៦០៤នាក់ ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ពិធីជួបជុំនេះ គឺជាប្រពៃណីដ៏ល្អដែលរដ្ឋបាលខេត្តតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ ដើម្បីរឹតចំណងសាមគ្គីភាព និងផ្តល់ការលើកទឹកចិត្តដល់មន្ត្រីរាជការដែលបានខិតខំបំពេញការងារកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនជាការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ផងដែរ។

បន្ថែមពីលើការថ្លែងអំណរគុណ និងជូនពរឆ្នាំថ្មី ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើសារសំខាន់នៃការបន្តកែលម្អការបំពេញការងារ ដោយជំរុញឱ្យមន្ត្រីទាំងអស់ ជាពិសេសមន្ត្រីគ្រប់ផ្នែក ត្រូវបង្កើនការយកចិត្តទុកដាក់ ម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់លើភារកិច្ចដែលបានប្រគល់ជូន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម គួច ចំរើន ក៏បានណែនាំដល់ប្រធានទីចាត់ការនីមួយៗ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពមន្ត្រីក្រោមឱវាទឱ្យបានជាប្រចាំ។ ក្នុងករណីរកឃើញមន្ត្រីណាដែលមានកម្រិតសមត្ថភាពខ្សោយ ត្រូវរៀបចំផែនការបណ្តុះបណ្តាលបន្ថែម ដើម្បីពង្រឹងសមត្ថភាពឱ្យពួកគេអាចបំពេញការងារបានកាន់តែប្រសើរឡើង និងក្លាយជាមន្ត្រីរាជការដែលមានសក្ដានុពល ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ។

តាមរយៈការជំរុញ និងលើកទឹកចិត្តនេះ រដ្ឋបាលខេត្តកណ្ដាល បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងសមត្ថភាពមន្ត្រីរាជការឱ្យកាន់តែរឹងមាំ និងទំនើប ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

អត្ថបទដោយ ៖ MoINFO APP

你可能还喜欢