«World Travel»របស់ចិនជំរុញឲ្យសេដ្ឋកិច្ចសកលរីកចម្រើន

  1. បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោកបានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍បាន«រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល«សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពរង្គោះរង្គើដែលបណ្តាលមកពីបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលមួយរយឆ្នាំ ព្រមទាំងកត្តាគាំពារនិយមនិងឯកតោភាគីនិយម ។ ឯនៅក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍បានរួមចំណែកដែលមិនអាចខ្វះបាន ។

 

ចិនជាប្រទេសមួយដែលមានអរិយធម៌ដ៏ចំណាស់និងមានទឹកដីធំទូលាយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ទាំងនេះជាកត្តាដ៏មានអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ធនធានទេសចរណ៍ដ៏វិសេសវិសាលបានត្រូវអភិវឌ្ឍជាផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសរបស់ចិន និងរួមបញ្ចូលនូវធាតុផ្សំមួយចំនួនរបស់បរទេស ដែលអាចបំពេញតាមគ្រប់តម្រូវការរបស់ទេសចរជាតិនិងអន្តរជាតិ ។

 

បន្ទាប់ពីបញ្ចប់ជំងឺឆ្លងសកលកូវីដ-១៩ រដ្ឋាភិបាលចិនបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយស្តារវិស័យទេសចរណ៍ជាតិនិងអន្តរជាតិ ដែលក្នុងនោះ ការលើកលែងទិដ្ឋាការសម្រាប់អ្នកដំណើរឆ្លងកាត់ប្រទេសចិនក្នុងរយៈពេល ១០ ថ្ងៃឬ ២៤០ ម៉ោងបានជំរុញឱ្យ «China Travel» ក្លាយជាការពេញនិយមខ្លាំងសម្រាប់ទេសចរអន្តរជាតិ ពិសេសចំពោះអ្នកដំណើរដែលមកពីប្រទេសជិតខាងនៃប្រទេសចិនដែលចំណាយពេលតែប៉ុន្មានថ្ងៃឬថ្ងៃចុងសប្តាហ៍ក៏អាចទៅដើរកម្សាន្តនៅប្រទេសចិនបានយ៉ាងងាយស្រួល ។

បើតាមទិន្នន័យរបស់រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនឱ្យដឹងថា «នៅត្រីមាសទីមួយឆ្នាំ ២០២៥ នេះ មានជនបរទេសចំនួនជាង ៩,២១ លានបានចូលដែនចិនតាមច្រកចេញ-ចូលទូទាំងប្រទេស ដែលបានកើនឡើងចំនួន ៤០.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ក្នុងចំណោមនោះ អ្នកដំណើរបរទេសដែលចូលដែនចិនដោយមិនបាច់ធ្វើទិដ្ឋាការមានចំនួន ៦,៥៧ លាននាក់ ត្រូវជា ៧១.៣ នៃចំនួនអ្នកដំណើរសរុប ។» តាមរយៈទិន្នន័យនេះយើងអាចមើលឃើញថា វិធានការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិរបស់ប្រទេសចិនតាមរយៈការលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់ប្រទេសចិនបានរំលេចចេញនូវប្រសិទ្ធភាពយ៉ាងលេចធ្លោ ។

 

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិនជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសជាច្រើនលើពិភពលោកដែលបានរួមចំណែកមួយភាគធំក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ពិភពលោក ។ ក្នុងស្មារតីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក ប្រទេសចិនបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនចេញទៅធ្វើទេសចរណ៍នៅបរទេស សំដៅរំញោចដល់ទីផ្សារប្រើប្រាស់និងទីផ្សារទេសចរណ៍សកល ។

 

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិនឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ មានប្រទេសចំនួន ២៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការគ្រប់ជ្រុងជ្រោយទៅវិញទៅមកជាមួយប្រទេសចិន ហើយប្រទេសចិនបានលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រទេសចំនួន ៣៨ និងអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសចំនួន ៥៤ អាចឆ្លងកាត់ប្រទេសចិនក្នុងរយៈពេល ២៤០ ម៉ោងដោយមិនបាច់ធ្វើទិដ្ឋាការ ។ ជាពិសេស ប្រទេសចិនក៏បានដាក់ចេញគោលនយោបាយមួយចំនួនទៀតដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនចេញទៅធ្វើទេសចរណ៍នៅបរទេស ដូចជាការរៀបចំពិព័រណ៍ទីផ្សារទេសចរណ៍បរទេសជាដើម ដែលមានការចូលរួមផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ពីសំណាក់ស្ថាប័នទេសចរណ៍និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសជាច្រើននៅប្រទេសចិន ដើម្បីកៀរគរទាក់ទាញទេសចរចិនទៅកាន់ប្រទេសរបស់ពួកគេ ។

 

បើតាម«របាយការណ៍ប្រចាំឆ្នាំ ២០២៤ ស្តីពីការអភិវឌ្ឍនៃការធ្វើទេសចរណ៍នៅបរទេសរបស់ប្រទេសចិន»ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ពលរដ្ឋចិនចំនួន ១៤៦ លាននាក់បានចេញទៅធ្វើទេសចរណ៍នៅបរទេស ដែលមានចំនួនជិតស្មើនឹងឆ្នាំ ២០១៩ មុនកើតមានវិបិត្តកូវីដ-១៩ ។ គោលដៅទេសចរណ៍របស់ពលរដ្ឋចិនកាន់តែមានភាពសម្បូរបែប ពោលគឺមានប្រទេសនិងតំបន់ជាង ២១០ លើពិភពលោកបានក្លាយជាគោលដៅទេសចរណ៍របស់ពលរដ្ឋចិន ។ ក្នុងចំណោមនោះ ប្រទេសដែលបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនទទួលបានចំនួនភ្ញៀវចិនច្រើនជាងគេ ។ បើតាមស្ថិតិ មានប្រទេសឬតំបន់ចំនួន ២០ ដែលបានទទួលភ្ញៀវទេសចរចិនលើសពីខ្ទង់លាននាក់ក្នុងឆ្នាំ ២០២៤ និងប្រទេសនិងតំបន់ចំនួនលើសពី ៦០ បានទទួលភ្ញៀវទេសចរចិនលើសពីខ្ទង់សែននាក់ ដែលធ្វើឱ្យប្រទេសចិនក្លាយជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់អាស៊ី ដែលស្មើនឹង ៣០% នៃចំនួនសរុបនៃអ្នកធ្វើទេសចរណ៍នៅក្រៅប្រទេស ។

 

ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ មុនពេលផ្ទុះវិបត្តិជំងឺឆ្លងសកល ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរធំបំផុតរបស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ បច្ចុប្បន្ន បើទោះបីជាចំនួនភ្ញៀវទេសចរចិនចូលកម្សាន្តនៅកម្ពុជានៅមិនទាន់វិលទៅរកសភាពដូចមុនវិបត្តិកូវីដ-១៩ ក្តី ប៉ុន្តែបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ បើតាមលោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា ប្រទេសចិនមានប្រជាជនច្រើននាំឱ្យប្រទេសចិនក្លាយជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ហើយកម្ពុជារំពឹងថា ឆ្នាំ ២០២៥ នេះ នឹងទទួលបានភ្ញៀវទេសចរចិនជាង ១ លាននាក់ ។

 

អ្វីដែលគួររំលឹកគឺថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិនបានសន្មតយកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ។ ជឿជាក់ថា តាមរយៈគោលនយោបាយជំរុញលើកទឹកចិត្តនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងភាគីទាំងពីរ កំណើនភ្ញៀវទេសចរចិននៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះមុខជានឹងលើសពីការរំពឹងទុក ហើយនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងបន្តរួមចំណែកសំខាន់សម្រាប់ការស្តារវិស័យទេសចរណ៍និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាក់ជាមិនខាន ។

 

មិនថា«China Travel»ឬ«World Travel»ក្តី គោលនយោបាយជំរុញការប្រើប្រាស់ខាងវិស័យទេសចរណ៍របស់ចិនមិនត្រឹមតែរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកសំខាន់សម្រាប់ជំរុញកំណើនសកលក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានសន្ទុះងើបឡើងយឺតផងដែរ ។ វិបុលភាពនៃទីផ្សារទេសចរណ៍មិនត្រឹមតែផ្តល់នូវផលិតផលវប្បធម៌និងកម្សាន្តដ៏សម្បូរបែបជូនអ្នកផងទាំងពួងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពេញបន្ថែមកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលផងដែរ ៕

 

អត្ថបទដោយ  ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

 

你可能还喜欢