កន្លះសតវត្សរ៍ដែលប្រទេសចិនថ្មីជាសមាជិកអង្គការសហប្រជាជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំពារសុខសន្តិភាពពិភពលោក របៀបរៀបរយអន្តរជាតិនិងពហុភាគីនិយម

ឆ្នាំនេះជាខួបទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនឬហៅថាប្រទេសចិនថ្មីទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិ ។

កាលពី ៥០ ឆ្នាំមុន ប្រទេសចិនដែលទើបស្តារឡើងវិញពីសង្គ្រាមរ៉ាំរ៉ៃ បានបង្ហាញវត្តមានជាថ្មីក្នុងអង្គការសហប្រជាជាតិ ។ ទង់ជាតិពណ៌ក្រហមឆ្អិនឆ្អៅរំលេចដោយផ្កាយមាសប្រាំដួងបានបង្អួតខ្លួនបក់រវិចតាមខ្យល់នៅឯទីចាត់ការទូទៅអង្គការសហប្រជាជាតិនាបុរីញូវយ៉ក ដែលជាការបង្ហាញប្រាប់ពិភពលោកថា ប្រទេសចិនបានឈរស្មើមុខស្មើមាត់ឡើងវិញជាមួយបណ្តាប្រទេសនានាដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ។

៥០ ឆ្នាំមកនេះ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាមួយអង្គការសហប្រជាជាតិ ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗ ដែលបានជួយជំរុញដល់ស្ថិរភាព សន្តិភាព វឌ្ឍនភាព និងវិបុលភាពពិភពលោកតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ។

ចិនជាប្រទេសមួយដែលបានចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិច្រើនបំផុត ។ ស្មារតីដ៏មោះមុតមិនខ្លាចពលិកម្មរបស់កងកម្លាំងមួកខៀវនៃប្រទេសចិនទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រទេសដែលទទួលបានជំនួយនិងក្រុមប្រឹក្សាសន្តិសុខ ។ មិនថានៅប្រទេសកម្ពុជា លីប៊ី លីបង់ សូម៉ាលី ស៊ូដង់ ។ល។ ក្រៅពីការយកឈាមស្រស់ទៅរក្សាសន្តិភាពនិងផ្សះផ្សាការប៉ះទង្គិច ប្រយុទ្ធប្រឆាំងភេរវនិយម កងកម្លាំងមួកខៀវចិនក៏បានខិតខំរឹតចំណងមិត្តភាពរវាងប្រទេសចិនជាមួយប្រទេសពាក់ព័ន្ធតាមរយៈការជួយបង្ហាត់បង្រៀនបច្ចេកទេសផ្សេងៗនិងការផ្តល់ជំនួយជាសម្ភារៈដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពនិងទំនួលខុសត្រូវរបស់ប្រទេសចិន ។

៥០ ឆ្នាំមកនេះ ប្រទេសចិនតែងតែឈរនៅជាមួយពិភពលោកជានិច្ច ជាពិសេសក៏នៅពេលដែលពិភពលោកកើតមានបញ្ហាប្រឈមជាសកល ។ អ្វីដែលយើងទាំងអស់គ្នាបានឃើញច្បាស់នឹងភ្នែក គឺការរួមចំណែករបស់ប្រទេសចិនក្នុងការសម្របសម្រួលជម្លោះអន្តរជាតិ ព្រមទាំងការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុតាមរយៈការដាក់ចេញនូវផែនការរបស់ខ្លួន ពោលគឺការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ២០៣០ និងអាព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០ ។

ក្រៅពីនេះ ប្រទេសចិនបានកាត់បន្ថយភាពក្រីក្រទាំងស្រុងក្នុងឆ្នាំ ២០២០ ដែលជាការរួមចំណែកលើសពី ៧០ នៃការងារកាត់បន្ថយភាពក្រីក្រទៅទូទាំងពិភពលោកស្របតាមគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។

ជាពិសេស បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មក ក្រៅពីការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រ ប្រទេសចិនបានផ្តួចផ្តើមឱ្យចាត់ទុកវ៉ាក់ជាផលិតផលសាធារណៈ ដែលបានក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់បរទេស និងមានបរិមាណច្រើនបំផុតគិតត្រឹមបច្ចុប្បន្ន ។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងក្នុងមហាសន្និបាតរំលឹកខួប៥០ ឆ្នាំនៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃទី ២៥ ខែតុលានេះថា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងសុខសន្តិភាពពិភពលោក យើង​គួរ​តែ​សម្រប​ខ្លួន​​ទៅ​នឹង​និន្នាការ​ប្រវត្តិសាស្ត្រ​ ​ប្រកាន់​ខ្ជាប់​កិច្ចសហប្រតិបត្តិការ​ មិន​ធ្វើ​បដិបក្ខ​គ្នា ​ប្រកាន់​ខ្ជាប់​ការ​បើក​ចំហ​ ​មិន​បិទ​ទ្វារ​ ប្រកាន់​ខ្ជាប់​ការ​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​ ​មិន​ធ្វើ​ការ​ប្រកួតប្រជែង​បែប​ផលបូកសូន្យ​ ប្រឆាំង​យ៉ាង​ដាច់​ខាត​នូវ​អនុត្តរភាពនិយម​និង​នយោបាយ​កម្លាំង​បាយ​ ប្រឆាំង​យ៉ាង​ដាច់​ខាត​នូវ​ឯកតោភាគីនិយម​​និង​ការ​គាំពារ​និយម​តាមគ្រប់​ទម្រង់​។

ការពិតទាំងឡាយបានបង្ហាញជូនពិភពលោកទាំងមូលថា ប្រទេសចិនបានអនុវត្តតាមពាក្យសន្យារបស់ខ្លួនជានិច្ច ដែលបានធ្វើអ្នកកសាងសន្តិភាពពិភពលោក អ្នករួមចំណែកដល់ការអភិវឌ្ឍជាសកល អ្នកគាំពាររបៀបរៀបរយនិងសណ្តាប់ធ្នាប់អន្តរជាតិ និងជាអ្នកផ្តល់ផលិតផលសាធារណៈយ៉ាងពិតប្រាកដ ។

គោលនយោបាយកំណែទម្រង់និងការបើកចំហជាជំហានទីមួយដែលប្រទេសចិនថ្មីឈានជើងចូលរួមជាមួយមហាគ្រួសារពិភពលោក  ។ ជាង ៣០ ឆ្នាំបន្ទាប់ពីគោលនយោបាយកំណែទម្រង់និងបើកទូលាយ ការអភិវឌ្ឍរបស់ចិនទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ជាជំហានដែលប្រទេសចិននាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ពិភពលោកជាពិសេសសម្រាប់ជួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន ។

ក្រៅពីនេះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានត្រូវសរសេរបញ្ចូលក្នុងឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិដែលបានក្លាយជាគំនិតផ្តួចផ្តើមជាសកល ។ ដោយឡែកនៅចុងក្រោយបំផុតនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមថ្មីមួយទៀត គឺការអភិវឌ្ឍជាសកល ។

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននៅថ្ងៃទី ២៥ ខែតុលា នេះថា គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល​ដែល​លើក​ឡើង​ដោយ​លោក ​ស៊ី ជីនភីង មាន​សារសំខាន់​និងមានអត្ថន័យជា​វិជ្ជមាន​ចំពោះ​ការ​ជំរុញ​សមភាព​ជា​សកល​និង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ដោយចីរភាព​មាន​តុល្យភាព អង្គការ​សហប្រជាជាតិ​សូម​ផ្តល់​ការ​គាំ​ទ្រ​ទាំង​ស្រុង ព្រម​ទាំង​រីក​រាយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ភាគី​ចិន​អំពី​រឿង​នេះ ។

តើប្រទេសចិននឹងរួមចំណែកអ្វីទៀតសម្រាប់ការគាំពារសុខសន្តិភាពពិភពលោក របៀបរៀបរយអន្តរជាតិនិងពហុភាគីនិយម ដែលជាការនាំមកនូវផលប្រយោជន៍ទូទៅសម្រាប់មនុស្សជាតិទាំងមូល ? នេះជាការរំពឹងទុករបស់បណ្តាប្រទេសជាមិត្ត ជាដៃគូនិងអ្នកស្នេហាសន្តិភាពគ្រប់រូប ៕

( ដោយ ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន )

你可能还喜欢

评论被关闭。