ភាពជោគជ័យនៃព្រឹត្តិការណ៍អូឡាំពិក រដូវរងាក្រុងប៉េកាំងរំលេចពីសាមគ្គីភាពជាសកលដើម្បីរួមគ្នាឆ្ពោះទៅអនាគត

ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបិទបញ្ចប់យ៉ាងជោគជ័យនៅវេលាយប់ថ្ងៃទី ២០ ខែកុម្ភៈនេះ ក្រោយបរិយាកាសដ៏អ៊ូអរសប្បាយរីករាយនិងភាពអាឡោះអាល័យដែលផុសចេញពីក្រអៅដួងចិត្តនៃអត្តពលិកគ្រប់រួបដែលបានចូលរួមព្រឹត្តិការណ៍នេះ ។

ក្នុងពិធីបិទការប្រកួតនេះ មានកម្មវិធីសម្តែងមួយដែលគួបផ្សំដោយវប្បធម៌ចិននិងបច្ចេកវិទ្យាទំនើបគឺខ្សែបូក្រហមដែលរសាត់តាមខ្យល់មកពីគ្រប់ទិសទីលើផ្ទៃអាកាសនៃពហុកីឡដ្ឋានជាតិចិនហើយរសាត់អណ្តែតទៅគួបបញ្ចូលគ្នានៅចំទីកណ្តាលនៃកីឡដ្ឋានបង្កើតបានជា«គំនួបចិន»ដែលភាសាចិនហៅថា«中国结 Zhongguojie/Chinese knotting»បានទាក់ទាញក្រសែចក្ខុរបស់ទស្សនិកជននៅហ្នឹងកន្លែងនិងទូរទស្សនិកជនទូទាំងពិភពលោកដែលបាននិងកំពុងតាមដានទស្សនាការផ្សាយផ្ទាល់តាម​កញ្ចក់ទូរទស្សន៍ឬតាមអនឡាញឱ្យមានភាពរំភើបរីករាយនិងលាន់មាត់ស្ងើចសរសើរ ។

នៅក្នុងវប្បធម៌ប្រពៃណីរបស់ចិន «គំនួបចិន»តំណាងឱ្យសាមគ្គីភាព សុភមង្គលនិងភាពសុខសាន្ត ។ អំបោះឬបូមួយខ្សែអាចវេញជាគំនួបតូចមួយ ហាក់ដូចជាប្រទេសនីមួយៗដែលជាតួអង្គដាច់ដោយឡែករៀងខ្លួន តែបើខ្សែអំបោះឬបូទាំងនេះគួបបញ្ចូលគ្នា វានឹងបង្កើតបានជាគំនួបដ៏ធំនិងរឹងមាំដែលជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាអាចពុះពារគ្រប់ឧបសគ្គនិងដោះស្រាយរាល់បញ្ហាបាន ។

សុភាសិតខ្មែរមួយម៉ាត់បានពោលថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ។ ចំណែកឯសុភាសិតមួយឃ្លាដែលពេញនិយមនៅទូទាំងពិភពលោកគឺ«សាមគ្គីជាកម្លាំង»ក៏បានសបញ្ជាក់យ៉ាងប្រចក្សពីសារៈសំខាន់បំផុតនៃសាមគ្គីភាពចំពោះមនុស្សជាតិទាំងមូល ។ ការប្រកួតកីឡាអូឡាំពិករដូវលើកនេះក៏ជាលើកទីមួយដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសម្រេចបន្ថែមពាក្យ«កាន់តែសាមគ្គី»ទៅក្នុងបាវចនាអូឡាំពិកដែលបានបង្ហាញពីភាពចាំបាច់និងតម្រូវការខ្លាំងបំផុតរបស់មនុស្សជាតិយើងនាពេលបច្ចុប្បន្នដែលត្រូវរួមសាមគ្គីគ្នាដើម្បីយកឈ្នះលើជំងឺឆ្លងនិងជម្នះឧបសគ្គផ្សេងៗនាពេលអនាគតសំដៅជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមរបស់ពិភពលោក ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺបើទោះបីជាមុនការរៀបចំព្រឹត្តិការណ៍នេះមានជនចេតនាអាក្រក់មួយចំនួននៅលោកខាងលិចប៉ុនប៉ងធ្វើនយោបាយធូបនីយកម្មកីឡាដើម្បីធ្វើឱ្យល្អក់កករព្រឹត្តិការណ៍ពិភពលោកមួយនេះក្នុងន័យកេងចំណេញខាងនយោបាយក្តី ក៏ប៉ុន្តែប្រទេសភាគច្រើនដាច់ខាតសុទ្ធតែឈរនៅម្ខាងនៃភាពសច្ចយុត្តិធម៌ ដោយបានចាត់បញ្ជូនគណៈប្រតិភូកីឡាដែលមានចំនួនច្រើនជាងការប្រកួតមុនៗដើម្បីផ្តល់ជាវេទិកាប្រកួតប្រជែងលំដាប់អន្តរជាតិមួយជូនអត្តពលិករបស់ខ្លួនក្នុងការបញ្ចេញថ្វីដៃនិងសម្រេចក្តីសុបិនអូឡាំពិក ។

ព្រឹត្តិការណ៍ប្រកួតលើកនេះក៏បានរំលេចយ៉ាងពេញលេញនូវបាវចនាអូឡាំពិក«កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង——កាន់តែសាមគ្គី» ផងដែរ ។ គេឃើញថានៅក្នុងទីលានប្រកួត អត្តពលិកជាច្រើនបានជម្នះភាពលំបាកដោយសារបញ្ហាមានរបួសឬបញ្ហាផ្សេងៗ ហើយចូលរួមការប្រកួតដោយទឹកចិត្តក្លៀវក្លានិងអង់អាចក្លាហាន បញ្ចេញសមត្ថភាពដែលលើសពីកម្រិតខ្លួនគិតស្មាន ។ ចំណែកនៅខាងក្រៅទីលានប្រកួត ពួកគេនាំគ្នាទះដៃជូនគូប្រកួតដែលមានសមត្ថភាពខ្ពស់ ដែលបង្ហាញពីស្មារតីនៃការប្រកួតគឺ«មិត្តភាពទីមួយ ការប្រកួតទីពីរ» នេះក៏ជាស្មារតីនៃជាតិជាអ្នកកីឡាដ៏ពិតប្រាកដ ។

ថ្លែងនៅក្នុងពិធីបិទការប្រកួត លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានលើកឡើងថា ប្រទេសចិនបានរៀបចំមហាព្រឹត្តិការណ៍អូឡាំពិករដូវរងាមួយលើកដែលប្រកបដោយសុវត្ថិភាពនិងអស្ចារ្យ នេះជាព្រឹត្តិការណ៍អូឡាំពិករដូវងាមួយលើកដ៏ល្អឯកគ្មានអ្វីប្រៀបផ្ទឹមបាន ។ ចំណែកអត្តពលិកនៃប្រទេសនានាក៏បានគូសរំលេចពីស្មារតីអូឡាំពិកតាមរយៈក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ពិសេសក៏គូសរំលេចពីសាមគ្គីភាពដ៏មានតម្លៃបំផុត ។

ជាការពិតណាស់ ប្រទេសចិនបានផ្តល់ជូនពិភពលោកនូវព្រឹត្តិការណ៍អូឡាំពិកបែបបៃតង អស្ចារ្យនិងប្រកបដោយបច្ចេកវិទ្យាខ្ពស់មួយលើក ។ អត្តពលិកជាច្រើននៃប្រទេសនានាសុទ្ធតែបានថ្លែងថាប្រទេសចិននិងប្រជាជនចិនបានបន្សល់នូវអនុស្សាវរីយ៍និងចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះពួកគេ ដោយម្នាក់ៗបានសម្តែងពីភាពអាឡោះអាល័យនៅមុនពេលចាកចេញពីប្រទេសចិន ។ ព្រោះនៅក្នុងព្រឹត្តិការណ៍នេះ គ្មានកលល្បិចនយោបាយ គ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអ្នកដទៃ គ្មានការមួលបង្កាច់លាបពណ៌ គឺមានតែការប្រកួតក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព មេត្រីភាពនិងភារតភាព ។

ដូចអ្វីដែលប្រទេសចិនបានរំលេចឡើងនៅចុងកម្មវិធីបិទការប្រកួត គឺកាំជ្រួចដែលបាញ់ឡើងបានបែកជាផ្កាភ្ញីបំភ្លឺព្ធដ៏អាកាសដែលគ្របដណ្តប់ដោយស្បៃរាត្រីឱ្យភ្លឺចិញ្ចែងចិញ្ចាច ជាពិសេសគឺកាំជ្រួចដែលផ្គុំជាអក្សរចិននិងអង់គ្លេសដែលមានន័យ«ពិភពលោកជាមហាគ្រួសារតែមួយ»ជាការបង្ហាញប្រាប់ពិភពលោកនូវឆន្ទៈដ៏មោះមុតរបស់ប្រទេសចិនក្នុងការចាប់ដៃគ្នាជាមួយពិភពលោកដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិនិងរួមគ្នាឆ្ពោះទៅអនាគត ៕

                                                                                                                                  អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。