ការប្រកួត Vlog យុវនិស្សិត “Gen Z” កម្ពុជា​ចិន​លើក​ទី១ កំពុងដំណើរការប្រព្រឹត្តទៅ​

ការប្រកួត Vlog យុវនិស្សិត “Gen Z” កម្ពុជា​ចិន​លើក​ទី១ ដែល​សហការ​រៀបចំ​ដោយ​ វិទ្យាស្ថាន​អាស៊ី និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា​នៃ​សកលវិទ្យាល័យ​ភាសាបរទេស​ប៉េកាំង​ និង​វិទ្យុមិត្តភាពកម្ពុជា​ចិន​នៃ​អគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា​។ គិត​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនា​ មានបេក្ខជនជា​យុវនិស្សិត​កម្ពុជា​ចិនសរុបចំនួន ១៦៦នាក់ មក​ពី​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ជាង​១០ ដោយបាន​បែងចែក​ជា​៥៩ក្រុម​ រួម​មាន​សកលវិទ្យល័យ​ភូមិន្ទ​ភ្នំពេញ​ និងសកលវិទ្យល័យ​ភាសាបរទេស​ប៉េកាំង​ជាដើម​ បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ការ​ប្រកួត​លើកនេះ​។

នាយករង​វិទ្យាស្ថាន​អាស៊ី​នៃ​សកលវិទ្យល័យ​ភាសាបរទេស​ប៉េកាំង​ លោក Gu Jiayun បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​ការប្រកួត​វីដេអូខ្នាតខ្លី​ Vlog លើកនេះ​ សង្ឃឹម​ថា ​ក្រៅ​ពី​អាច​បង្កើន​សមត្ថភាព​និស្សិត​ដែល​សិក្សាភាសាខ្មែរ​ និង​ភាសាចិន​ហើយ​ ក៏​អាច​ឱ្យ​និស្សិត​មក​ពី​ប្រទេស​ទាំង​ពីរ​កម្ពុជា​ចិន​ ស្វែង​យល់​ពី​គ្រឹះស្ថានសិក្សា​ និង​ជីវិត​នៅ​ក្នុង​សកលវិទ្យល័យ​របស់​ពួកគេ​ទៅវិញ​ទៅមក​ ព្រម​ទាំងអាច​​បង្ហាញ​ពី​ថាមពល និង​លក្ខណៈពិសេស​នៃ​យុវជន​មក​ពី​ប្រទេស​ទាំងពីរ​ តាមរយៈ​ការ​ផ្សព្វផ្សាយ​ក្នុង​ទម្រង់​ជា​ Vlog ផងដែរ​ ។ នៅ​ក្នុង​ក្រុម​ចូលរួម​ប្រកួត​ ចំនួន​ជិត​៦០ក្រុមនេះ​ ក្រៅ​ពី​ក្រុមនិស្សិតខ្មែរ និង​ក្រុមនិស្សិត​ចិន​ ក៏នៅ​មាន​ក្រុម​ជា​ច្រើនទៀត​​ជា​ក្រុម​រួមសហការ​រវាង​និស្សិតខ្មែរ និង​និស្សិត​ចិន​ផងដែរ​ ដែល​នេះ​បាន​បង្ហាញ​ពី​បំណង​ចង់​រៀនពីគ្នា និង​ចង់​សហការ​គ្នា​ទៅវិញ​ទៅមក​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ​។ ព្រឹត្តិការណ៍​លើកនេះ​ នឹង​រួមចំណែកក្នុង​ការកសាង​សហគមន៍​វាសនារួម​កម្ពុជា​ចិន​ផងដែរ។

អគ្គនាយិកា​វិទ្យុមិត្តភាពកម្ពុជា​ចិន​ លោកស្រី អរុណ​ បាន​មាន​ប្រសាសន៍​ថា​ វីដេអូខ្លី​បាន​ក្លាយ​ជា​ វិធី​ផ្សព្វផ្សាយ​ខ្លឹមសារលើ​​អិនធឺណែត​មួយ​ ដែល​យុវជន​បច្ចុប្បន្ន​ពេញ​និយម​ជាង​គេ​។ វិទ្យុមិត្តភាពកម្ពុជា​ចិន​ចូលរួម សហការរៀបចំ​​ការប្រកួត​វីដេអូ​ខ្លី​នេះ​ឡើង​ គឺ​ដើម្បី​បង្កើន​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​។ ប្រធាន​បទ​នៃ​ការ​ប្រកួត​នេះ​ ផ្ដោត​សំខាន់​លើ ជីវិត​នៅ​សកលវិទ្យល័យ​របស់​យុវជន”Gen Z”កម្ពុជា​ចិន​។ យើង​ខ្ញុំ​ជឿជាក់​ថា​ តាមរយៈវីដេអូ​ខ្លី​ដែល​បេក្ខជន​ចូលរួម​បាន​ថត​ ពួកយើង​អាច​ស្វែង​យល់​ពី​វឌ្ឍនភាពសង្គម​ប្រទេសទាំងពីរ និង​ដំណើរ​លូតលាស់​នៃ​យុវជន​កម្ពុជា​ចិន​ អាច​បង្កើន​មិត្តភាព និង​ធ្វើ​ឱ្យការ​យល់​ឃើញ​រួម​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។ វិទ្យុមិត្តភាពកម្ពុជា​ចិន​រីករាយ​បង្កើត​វេទិកា​កាន់​តែច្រើន​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេសទាំង​ពីរ​ និងដើម្បីផ្ដល់​​ជា​កម្លាំង​ចលករ​​បន្ថែម​​ទៀត​ ដល់​វឌ្ឍនភាព​កាន់​តែ​ប្រសើរ​នៃ​ទំនាក់​ទំនង​កម្ពុជា​ចិន​ក្នុង​យុគសម័យ​ថ្មី​៕

你可能还喜欢

评论被关闭。