ការទូទាត់តាមឧបករណ៍ចល័តបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរួមចំណែកក្នុងការស្តារអភិវឌ្ឍន៍ជនបទចិន

ស្របនឹងការវិវឌ្ឍរីកចម្រើននៃយុគសម័យ ការជួញដូរនិងការទូទាត់ក៏បានវិវត្តពីដំណាក់កាល«យករបស់ដូររបស់»ដល់ការទូទាត់ដោយសាច់ប្រាក់ ប័ណ្ណធនាគារ និងចុងក្រោយនេះគឺឧបករណ៍ចល័ត ពិសេសគឺទូរស័ព្ទចល័ត ។

អំណាចទិញរបស់ប្រជាជនជាកត្តាដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីកម្រិតជីវភាពរបស់ប្រជាជន ។ ប្រសិនជាប្រជាជនគ្មានលទ្ធភាពប្រើប្រាស់ នោះទីផ្សារនឹងទន់ខ្សោយ ហើយសេដ្ឋកិច្ចជាតិក៏នឹងចុះខ្សោយផងដែរ ។

អាស្រ័យហេតុនេះ ការលើកកម្ពស់អំណាចទិញរបស់ប្រជាជនគឺជាធាតុផ្សំដ៏សំខាន់មួយនៃគោលនយោបាយរំញោចសេដ្ឋកិច្ចជាតិ ។ យ៉ាងណាមិញ និយាយចំពោះប្រទេសចិនដែលមានចំនួនប្រជាជន ១.៤០០ លាននាក់ ប្រសិនបើអំណាចទិញរបស់ប្រជាជនមានសន្ទុះខ្លាំង នោះទីផ្សារចិននឹងប្រកបដោយសុទិដ្ឋិនិយម តែផ្ទុយទៅវិញ ប្រសិនជាអំណាចទិញទន់ខ្សោយ ទីផ្សារដ៏ធំនឹងហាក់ដូចជាឃ្លោកដែលធំតែមាឌតែប្រហោងក្នុង ។

ជាក់ស្តែង ប្រទេសចិនបានក្តាប់ជាប់ឧត្តមភាពខាងទ្រង់ទ្រាយទីផ្សាររបស់ខ្លួន ដោយខិតខំជំរុញ និងលើកកម្ពស់កម្រិតប្រើប្រាស់របស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ ហើយវិធីទូទាត់ក៏កាន់តែមានភាពងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

ស្របនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា ការទូទាត់តាមប្រព័ន្ធឌីជីថលរបស់ចិនបានប្រសូត្រឡើងដែលជាកិច្ចសម្រួលសម្រាប់ការទិញទំនិញតាមអនឡាញនៅដើមទសវត្សរ៍ឆ្នាំ ៩០នៃសតវត្សរ៍មុន ហើយការទូទាត់ដោយឆូតប័ណ្ណធនាគារបានជំនួសឱ្យការទូទាត់ដោយសាច់ប្រាក់ជាបណ្តើរៗ ។ លុះដល់ឆ្នាំ ២០០៨ ការទិញទំនិញតាមអនឡាញនៅប្រទេសចិនផ្តើមមានសន្ទុះកើនឡើងយ៉ាងគំហុក ប្រជាពលរដ្ឋទទួលបានភាពងាយស្រួលពីការទិញទំនិញតាមអនឡាញ និងការដឹកទំនិញរហ័សដល់ផ្ទះ ទម្លាប់នៃការទិញទំនិញរបស់ប្រជាជនចិន ពិសេសគឺយុវជនបានផ្លាស់ប្តូរជាបណ្តើរៗពីការទិញទំនិញតាមហាងនិងតាមផ្សារមកជាការទិញទំនិញតាមអនឡាញ ។

ប៉ុន្តែនិយាយចំពោះមនុស្សវ័យជរាដែលមិនសូវចេះប្រើកុំព្យូទ័រ ការទូទាត់តាមបណ្តាញអ៊ីនធើណិតមិនបាននាំមកនូវភាពងាយស្រួលប៉ុន្មានជូនពួកគាត់នោះទេ ដូច្នេះសម្ព័ន្ធធនាគារចិននិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗរបស់ចិនបានសហការគ្នាបង្កើតនូវកម្មវិធីទូទាត់តាមឧបករណ៍ចល័ត ពិសេសគឺទូរស័ព្ទចល័តដែលបានផ្តល់ភាពងាយស្រួលក្នុងការទូទាត់សម្រាប់មនុស្សគ្រប់វ័យ ។

ស្របនឹងការពេញនិយមកាន់តែខ្លាំងឡើងៗចំពោះការទូទាត់តាមឧបករណ៍ចល័ត ហើយបានក្លាយទៅជាទម្លាប់ទូទាត់ថ្មីរបស់ប្រជាជនទូទាំងប្រទេស គេសង្កេតឃើញថានៅគ្រប់ទីកន្លែងទូទាំងប្រទេសចិន មិនថាទីក្រុងទំនើបឬទីជនបទដាច់ស្រយាល មិនថាការបរិភោគអាហារនៅភោជនីយដ្ឋានធំៗឬហាងបាយតូចៗ មិនថាការទិញអីវ៉ាន់នៅផ្សារទំនើបធំៗឬនៅតាមផ្សារបន្លែតូចៗ ឬតូបលក់តាមផ្ទះក្តី ការទូទាត់តាមរយៈការស្កេន QR កូដគឺជារឿងដ៏សាមញ្ញនិងជាទូទៅ ។ អាស្រ័យហេតុនេះ ជនជាតិចិននិយាយថា «នៅក្នុងប្រទេសចិន មិនថាធ្វើដំណើរទៅទីណាក្តី ឱ្យតែមានទូរស័ព្ទចល័តមួយក៏គ្រប់គ្រាន់ហើយ មិនបាច់យកលុយកាក់អីជាប់ខ្លួននោះទេ»។

យុគសម័យបានវិវត្តទៅមុខឥតឈប់ឈរ ការអភិវឌ្ឍនៃប្រទេសនីមួយៗក៏ត្រូវបត់បែនទៅតាមចរន្តនៃយុគសម័យដែរ កម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ចប្រពៃណីបានចុះខ្សោយបន្តិចម្តងៗ  ជាហេតុជំរុញឱ្យបណ្តាប្រទេសនានាលើពិភពលោកផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាជម្រើសថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងយុគសម័យនេះ ។

កាលពីអតីតកាល កសិផលនិងផលិតផលនៅតំបន់ជនបទដាច់ស្រយាលរបស់ប្រទេសចិនពិបាកក្នុងការដាក់លក់ក្នុងទីផ្សារដោយសារតែបញ្ហាលំបាកក្នុងការដឹកជញ្ជូននិងមិនសូវមានគេស្គាល់ ហើយត្រូវស្តុកទុករហូតដល់ខូចគុណភាព ។ ប៉ុន្តែបន្ទាប់ពីការវិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន ការទិញទំនិញតាមអនឡាញមានប្រជាប្រិយភាពយ៉ាងខ្លាំង ប្រជាកសិករនៅទីជនបទឆ្ងាយៗអាចផ្សាយផ្ទាល់លក់ផលិតផលរបស់ខ្លួន ហើយទូទាត់តាមប្រព័ន្ធទូទាត់ចល័ត កសិផលនិងផលិតផលថ្មីៗនិងស្រស់ៗរបស់ប្រជាកសិករបានលក់ទៅគ្រប់ទីតំបន់នៅទូទាំងប្រទេស ដែលបានបង្កើនប្រាក់ចំណូលរបស់ពួកគាត់ឱ្យមានជីវភាពសមរម្យ ។

ការជំរុញឱ្យផលិតផលកសិកម្មមានទីផ្សារដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករជាគោលនយោបាយពង្រឹងសមិទ្ធផលលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន ពោលគឺធ្វើឱ្យកសិករអាចដាំដុះដំណាំដោយពុំមានការព្រួយបារម្ភពីរឿងគ្មានទីផ្សារ ដែលប្រការនេះបានរួមចំណែកដល់ការស្តារអភិវឌ្ឍន៍ជនបទ ហើយក្នុងនោះ ការទូទាត់តាមឧបករណ៍ចល័តបានដើរតួនាទីជាភ្នាក់ងារសំខាន់នៃការតភ្ជាប់ការជួញដូរផលិតផលរវាងទីក្រុងនិងជនបទ ។

និយាយពីផ្នែកមួយទៀត ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទដាច់ស្រយាលក៏អាចរកទិញបានសម្ភារៈទំនើបតាមអនឡាញដោយមានការដឹកជញ្ជូនរហ័សដល់ផ្ទះ ដែលសម្រួលដល់ជីវភាពរបស់ពួកគាត់ដោយមិនបាច់ធ្វើដំណើរផ្លូវឆ្ងាយទៅទិញនិងដឹកជញ្ជូនអីវ៉ាន់ដោយខ្លួនឯងនោះឡើយ ។

តាមទិន្នន័យស្ថិតិឱ្យដឹងថា បច្ចុប្បន្នទៅទូទាំងប្រទេសចិនមានអ្នកប្រើប្រាស់ការទូទាត់តាមឧបករណ៍ចល័តរហូតដល់ជិត ៩០០ លាននាក់ ដែលមានទំហំលើសពី ៤០០ ទី្រលានយាន់ប្រាក់ចិនក្នុងមួយឆ្នាំ បានរួមចំណែកយ៉ាងច្រើនដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។

ជាការពិតណាស់ ក្នុងបរិបទកូវីដ ការទូទាត់តាមឧបករណ៍ចល័តបានដើរតួនាទីកាន់តែសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន ពោលគឺការទូទាត់បែបនេះ បានចំណេញពេលច្រើនដោយមិនបាច់រង់ចាំការអាប់លុយនិងកាត់បន្ថយយ៉ាងច្រើននូវការប៉ះពាល់គ្នាក្នុងពេលទូទាត់ដោយសាច់ប្រាក់ អាចនិយាយបានថា បច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរបែបផែនរស់នៅរបស់ប្រជាជនចិន និងផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងបានបង្រួញគម្លាតរវាងប្រជាជននៅទីក្រុងនិងជនបទ ដើម្បីឆ្ពោះទៅរកវិបុលភាពរួមដែលជាទិសដៅការងារជាតិរយៈពេលវែង ៕

 

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。