លោកឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះមានភាពចាស់ទុំច្រើន ប្រព័ន្ធបោះឆ្នោតជាតិកំពុងមានភាពប្រសើរឡើងជាបន្តបន្ទាប់
ភ្នំពេញ៖ លោកឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាថ្មីៗនេះបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត《សារពត៏មាន ជានហ្វា》ថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំនេះអាចវាយតម្លៃបានថា យុទ្ធនាការឃោសនាបោះឆ្នោត មួយថ្ងៃមុនថ្ងៃបោះឆ្នោត (ថ្ងៃស) ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត រួមទាំងអាកប្បកិរិយាបោះឆ្នោតរបស់ប្រជាជនបានបង្ហាញ ភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យកម្ពុជា។
លោកក៏បានលើកឡើងដែរថា ភាពចាស់ទុំដែលសំខាន់ជាងគេគឺក្រោយការបោះឆ្នោតមិនមានករណីហឹង្សាកើតឡើងក្នុងប្រទេស ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្ត ហើយមិនចាំបាច់ស្តុកអាហារ ចាក់សាំងពេញឡាន និង ត្រៀមខ្លួនរត់នោះទេ។
«នេះជាអ្វីដែលប្រទេសជាតិត្រូវការនាពេលអនាគត នេះគឺជារឿងធំណាស់ ការបោះឆ្នោតមានសារៈសំខាន់ណាស់សម្រាប់ប្រទេសប្រជាធិបតេយ្យ ប៉ុន្តែប្រសិនបើយើងរៀបចំមិនបានត្រឹមត្រូវទេនោះ វានឹងជាចំណុចលំបាកវិញ។»
លោកបានបន្តទៀតថា ការបោះឆ្នោតនៅកម្ពុជាត្រូវតែមានភាពចាស់ទុំ និងស្ថិរភាព។ មិនថាគណបក្សនយោបាយ ឬសង្គមសម័យណាក៏ដោយ វាមានសារៈសំខាន់ខ្លាំងណាស់ ហើយតម្លៃរបស់វាត្រូវតែពង្រីក ដើម្បីធានាថាការបោះឆ្នោតឆ្លុះបញ្ចាំងនូវភាពចាស់ទុំរបស់ប្រជាជន។ អាចនិយាយបានថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងនិរន្តរភាព វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសក្នុងការកាត់បន្ថយការភ័យព្រួយរបស់ប្រជាជនបោះឆ្នោត និងរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខសាធារណៈ និងសេដ្ឋកិច្ចជាតិ។
លោកក៏បានលើកជាឧទាហរណ៍ថា ពាក្យឃោសនានៃយុទ្ធនាការឆ្នាំនេះ ក៏មានភាពចាស់ទុំ និងខុសពីមុនឆ្ងាយណាស់ ហើយនឹងមិនបំពានគ្នាទៅវិញទៅមក និងមិនប្រើពាក្យប្រមាថ។ ប្រសិនបើមានការស្អប់គ្នាទៅវិញទៅមក និងអំពើហិង្សាតាំងពីដើមទីមក ជម្លោះនឹងផ្ទុះឡើងក្រោយការបោះឆ្នោត ហើយនឹងមានការប្រទាក់គ្នារហួត ហើយសូម្បីតែយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោតក៏អាចមានបញ្ហាហិង្សាកើតឡើងដែរ។
លោកឯកឧត្តម ហ៊ុយ វណ្ណៈ បាននិយាយថា សកម្មភាពបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ ១៩៩៣ ហាក់ដូចជាមិនអាចរកភាពស្ងប់ស្ងាត់ឃើញ បោះម្តងៗមានបញ្ញាជាប់គាំង ស្ទើរតែពេលខ្លះរដ្ឋាភិបាលថ្មីក៏មិនអាចបង្កើតបានដែរ។ ដូច្នេះ កម្ពុជាត្រូវបណ្តុះវប្បធម៌នយោបាយឲ្យបានល្អប្រសើរ ប្រសិនបើមានការខ្វែងគំនិតគ្នារវាងគណបក្សនយោបាយ ចាំបាច់ត្រូវដោះស្រាយស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលមាន ធ្វើឱ្យមានតម្លាភាព និងជៀសវាងការមានទំនាស់។
លោកក៏បានលើកឡើងដែរថា អត្រាអ្នកទៅបោះឆ្នោតមានចំនួន ៨០% ដែលខ្ពស់គួរសមបើធៀបនឹងប្រទេសក្នុងតំបន់ និងប្រទេសផ្សេងៗក្នុងពិភពលោក ប៉ុន្តែថាតើមានអ្នកសង្កេតការណ៍រត្រូវចូលរួមដែរនោះ គឺជាបញ្ហាមួយទៀត ព្រោះច្បាប់មិនតម្រូវឱ្យការបោះឆ្នោតត្រូវមានអ្នកសង្កេតការណ៍ចូលរួមនោះទេ។ អត្រាអ្នកទៅបោះឆ្នោតខ្ពស់ឆ្លុះបញ្ចាំងថា សាធារណជនមានទំនួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាងពេលមុនៗ។
លោកបន្តទៀតថា ក្រោយការបោះឆ្នោត ប្រជាជនទូទៅសប្បាយចិត្តទទួលយកលទ្ធផលនេះ ហើយសូម្បីតែបក្សប្រឆាំងក៏សម្តែងការភ្ញាក់ផ្អើល និងទទួលយកលទ្ធផលនេះដែរ។ គណបក្សប្រឆាំងបានសម្តែងការមិនពេញចិត្តមួយចំនួន ប៉ុន្តែពួកគេបាននិយាយថា លទ្ធផលបោះឆ្នោតគឺជាអ្វីដែលពួកគេនឹកស្មានមិនដល់ មានន័យថាពួកគេបានទទួលយកលទ្ធផលនៃការបោះឆ្នោតទៅហើយ។ ចំណែកការថ្លែងរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ថា លទ្ធផលបោះឆ្នោតគឺល្អ គឺគ្រប់គណបក្សនយោបាយបានឈ្នះសំឡេងឆ្នោតរបស់ប្រជាជនបោះឆ្នោត ដែលបានបង្ហាញឆន្ទៈប្រជាពលរដ្ឋទាំងមូល។
លោកបន្ថែមថា បើនិយាយពីទស្សនៈរបស់មជ្ឈដ្ឋានអន្តរជាតិលើការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ គឺអត់មានអ្វីត្រូវលើកឡើងនោះទេ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំការបោះឆ្នោត។ លើសពីនេះ រាល់វិវាទទាំងអស់ត្រូវបានដោះស្រាយតាមច្បាប់ និងបទប្បញ្ញត្តិនានា បើទោះជាអ្នកសង្កេតការណ៍អន្តរជាតិចូលរួម រឺ មិនចូលរួមក្តី ក៏ពួកគេមិនមានការរើសអើងចំពោះការបោះឆ្នោតនេះឡើយ ដូចពាក្យថា «ការមិននិយាយគឺជាការទទួលយក»។
450
ផ្អែកលើស្ថានភាពល្អនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះ ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ រំពឹងថានឹងប្រព្រឹត្តទៅដោយរលូន
ដោយឈរលើមូលដ្ឋាននៃសុទិដ្ឋិនិយមចំពោះការបោះឆ្នោតឃុំសង្កាត់ទី៥ លោកឯកឧត្តម ហ៊ុយ វណ្ណៈ ព្យាករណ៍ថាបរិយាកាសនៃការបោះឆ្នោតជាតិឆ្នាំ ២០២៣ នៅឆ្នាំក្រោយក៏នឹងប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសល្អ។
លោកមានជំនឿថា ការបោះឆ្នោតមានភាពចាស់ទុំច្រើនមកដល់សព្វថ្ងៃនេះ។ បើថ្ងៃអនាគតបក្សប្រឆាំងមិនព្រមទទួលយកលទ្ធផលបោះឆ្នោតដោយចេតនាញុះញង់ប្រជាពលរដ្ឋឱ្យធ្វើពហិការមិនទទួលយកលទ្ធផលបោះឆ្នោត ប្រហែលគ្មានប្រសិទ្ធភាពទេ លោកជឿជាក់ថា ប្រជាពលរដ្ឋនឹងមិនផ្តល់ឱកាសឱ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តឡើយ ។ ដូច្នេះអាចរំពឹងថានឹងមិនមានបញ្ញាធំដុំទេក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយ។
ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាពទទួលខុសត្រូវចំពោះសកម្មភាពបោះឆ្នោត ជាពិសេសគណបក្សនយោបាយ។
«យើងត្រូវពង្រឹងប្រព័ន្ធនយោបាយ និងវប្បធម៌នយោបាយ។ ប្រព័ន្ធនយោបាយនឹងចំណាយពេលយូរ ប៉ុន្តែគួរកត់សំគាល់ថា និន្នាការនៃការបោះឆ្នោតបច្ចុប្បន្នបង្ហាញតែពីរបក្សប៉ុណ្ណោះ គឺបក្សកាន់អំណាច និងបក្សប្រឆាំងដែលមានឥទ្ធិពល ដូច្នេះយើងត្រូវពង្រឹងវប្បធម៌នយោបាយឱ្យកាន់តែថ្លៃថ្នូរ និងសីលធម៌។»
លោកបញ្ជាក់ថា ការធ្វើនយោបាយមិនមែនធ្វើឱ្យបក្សឈ្នះទេ គឺធ្វើឱ្យប្រជាជាតិឈ្នះ។ បើបក្សឈ្នះគឺការខិតខំរបស់គ្រប់បក្ស ប៉ុន្តែជាតិឈ្នះគឺជារឿងធំ។ ក្នុងការធ្វើនយោបាយត្រូវគិតគូរពីស្ថានភាពជារួម ហើយប្រទេសជាតិគួរតែ ជាអាទិភាព។ បើទោះបីជាគណបក្សកាន់អំណាចឈ្នះក៏ត្រូវការគណបក្សផ្សេងទៀតកសាងប្រទេសរួមគ្នា រួមទាំងបក្សប្រឆាំងផងដែរ គឺប្រៀបដូចជាការដោះស្រាយវិបត្តិកូវីដ-១៩។ នេះជាបញ្ហាប្រឈមរួមគ្នាដែលទាមទារឱ្យគ្រប់ភាគីទាំងអស់រួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
លោកបន្តថា ប្រសិនបើលទ្ធផលត្រូវធ្វើពហិការក្រោយការបោះឆ្នោត វាមិនត្រឹមតែប៉ះពាល់ដល់គណបក្សកាន់អំណាចប៉ុណ្ណោះទេ ថែមទាំងគណបក្សប្រឆាំង ប្រជាជនទៅ និងមិនទៅបោះឆ្នោតក៏នឹងរងទុក្ខដែរ ដោយភាពមិនច្បាស់លាស់ផ្សេងទៀត ដូចជាបញ្ហាអវិជ្ជមាននៃភាពមិនចាស់ទុំនៅក្នុងសកម្មភាពបោះឆ្នោត។
«បើតាមគំនិតខ្ញុំ អ្នកនយោបាយគួរតែមានទស្សនៈវិជ្ជាគិតគូរពីផលប្រយោជន៍ប្រទេសជាតិ និងសង្គម បើបុគ្គលនោះម្ខាងធ្វើនយោបាយ ហើយម្ខាងទៀតមានភាពហឹង្សា បុគ្គលនេះមិនមែនជាមេដឹកនាំប្រទេសទេ។»
លោកក៏បញ្ជាក់ដែរថា បើប្រើគ្រប់មធ្យោបាយចង់តែឈ្នះឆ្នោត គឺប្រជាពលរដ្ឋទាំងមូលនឹងមិនទទួលយកគណបក្សនោះឡើយ ។ គណបក្សនយោបាយត្រូវកសាងអត្ថប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន ដើម្បីទទួលបានការគាំទ្រពីប្រជាជនបោះឆ្នោត។
«យើងត្រូវទទួលស្គាល់ថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺការបោះឆ្នោតមិនបានឃើញពីភាពចាំបាច់សម្រាប់រដ្ឋាភិបាលក្នុងការប្រមូលផ្តុំកម្លាំងយោធាដើម្បីការពារការិយាល័យបោះឆ្នោតនោះទេ។ ការបោះឆ្នោតនេះមានតែសន្តិសុខ និងអ្នកសង្កេតការណ៍ប៉ុណ្ណោះក្នុងការការពារ និង ត្រួតពិនិត្យ ហើយប្រជាជនបោះឆ្នោតក៏មានការសហការគ្នាយ៉ាងខ្លាំងដែរ បន្ទាប់ពីបោះឆ្នោតក៏រាប់សន្លឹកឆ្នោតនៅនឹងកន្លែង ហើយអ្វីៗក៏ប្រព្រឹត្តទៅដោយសន្តិវិធី។»
លោកបានបន្តទៀតថា ទោះបីជាការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះទទួលបានលទ្ធផលល្អក៏ដោយ ប៉ុន្តែការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពប៉ះពាល់ដោយវិបត្តិកូវីដ-១៩ និងវិបត្តិសកលលោកផ្សេងទៀត ដូចជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។ ជាសំណាងល្អ កម្ពុជាមិនមានជម្លោះរវាងគណបក្សនយោបាយក្នុងប្រទេសបន្ទាប់ពីការបោះឆ្នោត បើមិនដូច្នេះទេ ប្រសិនបើមានបញ្ហាផ្ទៃក្នុង គឺដូចជាដុតផ្ទះបាយរបស់ខ្លួនឯងចឹង ហើយភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនឹងពិបាកក្នុងការប៉ាន់ស្មាន។ ដូចេ្នះ ការសម្របសម្រួលគណបក្សនយោបាយក៏ជាការសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕
评论被关闭。